ភាគីកម្ពុជា-អូស្រ្តាលី ពិភាក្សាគ្នាស្តីអំពីវឌ្ឍនភាពនៃដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា!

ដើម្បីពន្លឿនប្រសិទ្ធិភាពការងារស្តីអំពីវឌ្ឍនភាពនៃដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី    សេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រារព្វទ្បើងនៅថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប នៅថ្ងៃនេះវត្តមានរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្តា្រលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ បន្ទាប់ពីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងសហការីរួចមក ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូននូវវឌ្ឍនភាពនៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (PEDs) ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ជាពិសេសការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់ (AAZNFTA Upgrade Negotiations)។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច អាស៊ាន (AEM Special Meeting) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ បានពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដល់ភាគីចរចារទាំងអស់  ដើម្បីអាចឈានដល់ការសម្រេចបាននូវជំហររួម សំដៅបញ្ចប់ការចរចាជាដុំកំភួន ស្របតាមពេលវេលាកំណត់ និង ជាពិសសេសភាគីបានផ្តោតសំខាន់លើវឌ្ឍនភាព នៃដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រារព្វទ្បើងនៅថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ ក្នុងនោះ ក្រុមការងារក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជូននិងឆ្លើយតបទៅនឹងចម្ងល់មួយចំនួនពាក់ព័ន្ធនឹងទ្បូជីស្ទីកនិងការៀបចំទូទៅនានា ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត បានយល់ស្របថាផងដែរថា ភាគីចរចាទាំងអស់ត្រូវពន្លឿនកិច្ចពិគ្រោះយោបល់ផ្ទៃក្នុងរបស់ខ្លួនដើម្បីអាចឈានដល់ការបញ្ចប់ជាដុំកំភួនដូចការគ្រោងទុក ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។ ស្របពេលជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ អូស្រ្តាលី ចំពោះកម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ផងដែរ។ ជាលទ្ធផលភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង រវាងក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងអូស្រ្តាលី (ACCC) ផងដែរ។ ក្នុងនោះ ភាគីអូស្រ្តាលី បានជម្រាបជូននូវគោលបំណងរៀបចំព្រឹត្តិការណ៍អម ក្រោមក្របខ័ណ្ឌវិស័យការប្រកួតប្រជែង ក្នុងអំទ្បុងពេលនៃកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់លើកទី២៧ (27th AEM-CER Consulation)៕

 

អត្ថបទដែលជាប់ទាក់ទង