សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា៖ កម្ពុជានឹងបរិច្ចាគថវិកាចំនួន ៥០.០០០ ដុល្លារអាម៉េរិក ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់!
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិតបត្តិការអន្តរជាតិ បានឲ្យដឹងថាកម្ពុជាបរិច្ចាគជំនួយមនុស្សធម៌បន្ទាន់ជូនរដ្ឋាភិបាលប៉ាគីស្ថាន អំឡុងពេលដែលប្រទេសនេះជួបនូវគ្រោះធម្មជាតិ។ នៅក្នុងសេចក្តីប្រកាសនោះបានសរសេរថា៖ ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ឆាគវិភាគទានជាទឹកប្រាក់ចំនួន ៥០.០០០ ដុល្លារអាមេរិក (ហាសិបពាន់) ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិចបំផ្លាញនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។ សូមរម្លឹកថាកាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០.០០០ ដុល្លារអាមេរិក (ហាសិបពាន់) ដល់ប្រទេសប៉ាគីស្ថានដែរ ដែលពេលនោះប្រទេសនេះបានជួបប្រទះស្ថានភាពទឹកជំនន់ ធ្ងន់ធ្ងរដូចគ្នានេះដែរ។ សូមបញ្ជាក់ថា គ្រោះទឹកជំនន់នៅប្រទេសប៉ាគីស្ថាន បានចាប់ផ្តើមតាំងពីខែមិថុនាមកម្ល៉េះនិងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមទាំងបានឆក់យកអាយុជីវិតប្រជាពលរដ្ឋប៉ាគីស្ថានប្រមាណ ១.៥០០នាក់ហើយ។ ក្នុងនាមជាប្រជាពលរដ្ឋនិងជាមិត្តប៉ាគីស្ថានសូមបួងសួងឲ្យប្រទេសនេះឆាប់រួចផុតពីទុក្ខភ័យនៃគ្រោះទឹកជំនន់នេះឲ្យបានឆាប់នាពេលដ៏ខ្លីខាងមុខ ដើម្បីឲ្យប្រជាជនប៉ាគីស្ថានវិលមករកស្ថានភាពជីវិភាពល្អដូចមុនវិញ៕