ឯកឧត្តម ហាន កុសល អញ្ជើញចូលរួមកម្មវិធីប្រគល់សៀវភៅជូនសាលាបឋមសិក្សាដំណាក់អំពិល នៅភូមិដំណាក់អំពិល
កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមកម្មវិធីប្រគល់សៀវភៅជូនសាលាបឋមសិក្សា ដំណាក់អំពិល នៅភូមិដំណាក់អំពិល ឃុំស្តើងជ័យ និងសំណេះសំណាលជាមួយសិស្សានុសិស្ស និងឪពុកម្តាយសិស្សប្រមាណ ១៥០នាក់ផងដែរ ។
បន្ទាប់មកឯកឧត្តមបានដឹកនាំក្រុមការងារបន្តចុះពិនិត្យស្ថានភាពជនមានពិការភាពនៅស្រុកបាធាយចំនួន ៥នាក់ រួមមាន៖
លោក ឈឺន ឆវិន ប្រកបមុខរបរ ចិញ្ចឹម មាន់ ទា ប្រពន្ធធ្វើការរោងចក្រ រស់នៅឃុំទំនប់ ។លោក ខេង ភិរុណ ប្រកបមុខរបរចិញ្ចឹម មាន់ ទា ផ្សាដែក រសនៅឃុំសណ្ដែក។ លោកស្រី ឡុង ហំ ប្រកបមុខរបរ លក់ចាប់ហួយ ឃុំមេព្រីង និង២រូបទៀតស្ថិតនៅឃុំផ្អាវ ស្រុកបាធាយ ដើម្បីពិនិត្យវឌ្ឍនភាពនៃការលើកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូ។
ពួកគាត់ទាំងអស់មានជីវភាពរីកចម្រើនជាងមុន និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូដែលបានគិតគូរជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់ជនមានពិការភាពទូទាំងខេត្តកំពង់ចាម ។
នាពេលរសៀលថ្ងៃដដែលឯកឧត្តមអភិបាលរងខេត្តបានអញ្ជើញចូលរួមដឹកនាំក្នុងវេទិកាសាធារណៈស្ដីអំពីឱកាសការងារ មុខរបរ និងបច្ចេកវិទ្យាសម្រាប់ជនមានពិការភាព ដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងនិរន្តភាពនៅសាលាស្រុកបាធាយ ដោយមានការចូលរួមពីលោកអភិបាលស្រុកជើងព្រៃ តំណាងមន្ទីរការងារ មន្ទីរសង្គមកិច្ច តំណាងគម្រោង ACCESS របស់ស្ថានទូតអូស្ត្រាលី អង្គការដៃគូក្នុងស្រុក និងប្រជាពលរដ្ឋមានពិការរភាពចំនួន ៣២រូប អង្គការដៃគូ តំណាងក្រុមហ៊ុន ពាក់ព័ន្ធជាច្រើនរូប ជាពិសេសស្វែងយល់រវាងជនមានពិការភាពជាមួយក្រុមហ៊ុន និងវិស័យឯកជន។