លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាយកមន្រ្ តីស្តីអំពីដំណើរការក្លិបសេដ្ឋកិច្ចអាស៊ា និង តំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា!
ខណៈដែលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុផា បានអនុញ្ញាតឲ្យ លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI អាស៊ីប៉ាស៊ីហ្វិក ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី០៨ ខែកញ្ញានេះ លោក Tan Sri Michael Yeoh បានមានសំដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលកំពុងទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាន ក្នុងនាមជាប្រធានអាស៊ាន និងទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជាទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយធ្វើឲ្យកម្ពុជាក្លាយជាកន្លែងទាក់ទាញប្រកបដោយសក្ដានុពលសម្រាប់ការវិនិយោគ ដែលជាកត្តានាំឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោក Tan Sri Michael Yeoh មានប្រសាសន៍ជំរាបជូនសម្ដេចតេជោបន្តទៀតថា “បំណងរបស់លោកមកកាន់កម្ពុជានៅពេលនេះគឺទី១-គោរពសុំការគាំទ្រនិងអនុញ្ញាតចាប់ផ្ដើមដំណើរការក្លិបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅចម្បងក្នុងការចូលរួមចំណែកជួយផ្តល់ធាតុចូលដល់អាស៊ាន ជាស្ពានរវាងអាស៊ាន និងស្ថាប័ន ព្រមទាំងវិស័យផ្សេងៗ ទី២-សុំការគាំទ្រលើគំនិតផ្តួចផ្តើមឱ្យមានតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ដែលមូលនិធិនេះសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើវិស័យអាយធី (IT) ឬ បញ្ញាសិប្បនិមិត្ត ។ ជាឆ្លើយតបជាមួយនឹងស្នាមញញឹម សម្តេចតជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ស្វាគមន៍ បានគាំទ្រលើការបង្កើតនិងចាប់ផ្ដើមដំណើរការរបស់ក្លឹបសេដ្ឋកិច្ចអាស៊ាន ។ សម្តេច បានផ្តល់អនុសាសន៍ បន្ថែមថា អ្វីដែលក្លិបសេដ្ឋកិច្ចអាស៊ានចង់ធ្វើ គួរពិចារណាចូលរួមចំណែកលើការពិនិត្យ វាយតម្លៃ និងផ្តល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយលទ្ធផលការងាររបស់អាស៊ាន ផង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគាំទ្រកិច្ចផ្តួចផ្តើមបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជាផងដែរ។ ម្យ៉ាងវិញទៀតចំពោះគំនិតផ្តួចផ្តើមចង់ឱ្យមានតំបន់សេដ្ឋកិច្ចបៃតងសម្ដេចតេជោនាយករដ្ឋមន្រ្តីបានមាប្រសាសន៍ថាគំនិតនេះគឺស្ថិតនៅក្នុងសំណើរ របស់កម្ពុជាលើកទៅកាន់អាស៊ាននាពេលកន្លងមកនោះគឺសុំឱ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ានជាមុនសិន៕