ទេសាភិបាលធនាគារជាតិកម្ពុជាបានបញ្ចាក់ជូន IMF ថាសេដ្ឋកិច្ចកម្ពុជារំពឹងថាមានកំណើនក្នុងរង្វង់៥% ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីជាក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ!

 

បេសកកម្មមាត្រាទី IV (ទី៤)  ជាបេសកកម្មតាមដាននិងវាយតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដើម្បីផ្ដល់ជូនអនុសាសន៍គោលនយោបាយដល់ប្រទេសជាសមាជិក ក្នុងគោលដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ ដែលនេះគឺជាប្រសាសន៍លើកឡើងរបស់  លោក Alasdair Scott ប្រធានបេសកកម្មរបស់ IMF សម្រាប់កម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ បានជម្រាបជូន ឯកឧត្ដម ជាចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។   លោក Alasdair Scott បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារការរាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពដែលជាកត្តាដ៏ចម្បងគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា។ នាឱកាសនោះ ឯកឧត្ដម ទេសាភិបាល បានស្វាគមន៍និងថ្លែងអំណរគុណដល់ក្រុមបេសកកម្មមាត្រាទី IV របស់ IMF និងបានជម្រាបជូនពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២។ ឯកឧត្ដម ទេសាភិបាល បានជម្រាបជូនថាសេដ្ឋកិច្ចកម្ពុជារំពឹងថាមានកំណើនក្នុងរង្វង់ ៥% ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីជានៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២២ បានកើនឡើងក៏ដោយ។ អតិផរណានៅឆមាសទី២ នេះត្រូវបានរំពឹងថាថយចុះទាបជាង ៥%។ មិនតែប៉ុណ្ណោះទុនបម្រុងអន្តរជាតិកម្ពុជាបន្តរក្សាបានក្នុងកម្រិតគ្រប់គ្រាន់ស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញ និងសេវាដែលខ្ពង់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមានគឺ៣ខែ។ ចំពោះតម្លៃប្រាក់រៀល អត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកមានស្ថិរភាពល្អប្រសើរ ដោយមានកម្រិតមធ្យមប្រហាក់ប្រហែលនឹងគ្រាដូចគ្នាក្នុង រយៈពេល៨ខែដំបូងឆ្នាំ២០២១ ក្រោមបរិការណ៍ដែលសកម្មភាពសេដ្ឋកិច្ចងើបឡើងជាលំដាប់។ ស្ថិរភាពអត្រាប្ដូរប្រាក់បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអំណាចទិញរបស់ចំណូលប្រជាជន ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា។ ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តមានសុខភាពល្អ និងមានភាពធន់នឹងវិបត្តិ ព្រមទាំងបានចូលរួមកាត់បន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងដំណាក់កាលងើបឡើងវិញ។ មកដល់ពេលនេះប្រព័ន្ធធនាគារបានបន្តផ្តល់ឥណទានដល់វិស័យឯកជនជាមួយនឹងកំណើន២៣%ហើយក៏បានកៀគរប្រាក់បញ្ញើ ដោយមានកំណើន ១៦% ផងដែរ។ ឥណទានរបស់ប្រព័ន្ធធនាគារបានគាំទ្រការវិនិយោគនៅគ្រប់វិស័យសេដ្ឋកិច្ចហើយធនាគារជាតិនៃកម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងប្រុងប្រយ័ត្ន លើហានិភ័យនានាជាប្រចាំ។ គួរបញ្ជាក់ថាក្រោមការអនុវត្តកម្មវិធីរៀបចំឥណទានឡើងវិញ ប្រព័ន្ធធនាគារបានរៀបចំឥណទានដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តបុគ្គលដែលរងផលប៉ះពាល់ពីវិបត្តិ ដែលជួយរក្សានិរន្តរភាពនៃអាជីវកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនេះប្រព័ន្ធទូទាត់ក៏ត្រូវបានធ្វើទំនើបកម្មផ្អែកលើបច្ចេកវិទ្យាចុងក្រោយដូចជាប្រព័ន្ធបាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនដើម្បីបង្កើនប្រសិទ្ធភាព ការទូទាត់អេឡិចត្រូនិកនៅកម្ពុជានិងការតភ្ជាប់ជាមួយ បណ្តាប្រទេសនៅក្នុងតំបន់ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង