ឯកឧត្តម អ៊ុន ចាន់ដាអញ្ជើញចូលរួមពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អាគារសិក្សា១ខ្នង ៣ជាន់ មាន៣០បន្ទប់ ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន
កំពង់ចាម នាព្រឹកថ្ងៃ ០៨ ខែ កញ្ញា ២០២២ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ឃឹម សេរីវង្ស រដ្ឋលេខាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតុងរ៉ុង ជាតំណាងខ្ពង់ខ្ពស់ ឯកឮត្តម ប៉ាន សូស័ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អាគារសិក្សា១ខ្នង ៣ជាន់ មាន៣០បន្ទប់ ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ពិធីនេះប្រារព្ធនៅអនុវិទ្យាល័យ និងបឋមសិក្សា ហ៊ុនសែន មុនីវង្ស ស្ថិតនៅភូមិទ្រមុខទី១ ក្នុងឃុំតុងរ៉ុង ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។ក្នុងឱកាសនោះក៍មានការ អញ្ចើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ស្សានុសិស្ស ព្រមទាំងបងប្អូន ប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះ យើងធ្វើពិធីក្រុងពាលី សាងសង់អគារសិក្សាចំនួន ពីរ ខ្នង ស្ថិតនៅចំនួនពីរ ទីតាំងរួមគ្នាតែម្តង គឺមួយខ្នង នៅទីនេះ មានកម្ពស់ បីជាន់ ចំនួន ៣០ បន្ទប់ មានទីចាត់ការ ចំនួន ពីរ ទីចាត់សម្រាប់ សាលាបឋមសិក្សាមួយ , ទីចាត់ការសម្រាប់អនុវិទ្យាល័យមួយ, សង់របងប្រវែង ៤១៦ ម៉ែត្រ, ខ្លោងទ្វារធំចំនួនមួយ , បង្គន់អនាម័យចំនួន ពីរ មាន ១០ បន្ទប់, ទីលានជាតារាង បាល់ទះចំនួន មួយ និងទីលានជាតារាងបាល់ទាត់ចំនួន មួយ ។ ដោយឡែក អគារសិក្សា មួយខ្នងទៀត មានកម្ពស់ ពីរ ជាន់ មានបន្ទប់ចំនួន ១០ នៅភូមិបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរដែរ។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្តទៀតថា អគារសិក្សាទាំងពីរ ខ្នងជាជំនួយដ៏ថ្លៃថ្លារបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានតម្លៃសរុបចំនួន មួយលានដុល្លារកន្លះ ជាចំណងដៃថ្មីមួយទៀត ដល់ប្រជាពលរដ្ឋ ឃុំតុងរ៉ុង និងឃុំខ្វិតធំ ចាប់ផ្តើមសាងសង់ពីថ្ងៃទី ៨ កញ្ញា នេះ ដោយប្រើប្រាស់រយៈពេលនៃការស្ថាបនា អគារសិក្សាជាប្រវត្តិសាស្ត្រនេះ ចំនួន ប្រាំបួន ខែ៕