ឯកឧត្ដម អ៊ុន ចាន់ដា បានផ្ដល់នៅអនុសាសន៌ ៩ចំណុច ដើម្បី ឱ្យលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ដែលទើបប្រកាសចូលកាន់តំណែង អនុវត្តឱ្យប្រសិទ្ធភាពខ្ពស់

កំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ជាមួយនឹង ឯកឧត្ដម សេង សុខមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នេះ បានណែនាំបន្ថែមលើគោលការណ៍ចំនួន ៩ចំណុច ដើម្បី ឱ្យលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ដែលទើបប្រកាសចូលកាន់តំណែងថ្មី ត្រូវអនុវត្តឱ្យប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានធ្វើការណែនាំ ដល់លោកប្រធានមន្ទីរថ្មី នូវគោលការណ៍ ៩ចំណុច ដើម្បី អនុវត្តឱ្យមានប្រសិទ្ធភាព ដែលជាអាទិមាន ៖ ទី១.ត្រូវបន្តនិរន្តរ៍ភាពការងារ និងត្រូវរក្សាសាមគ្គីភាព មិត្តភាព តម្លាភាព គណនេយ្យភាពផ្ទៃក្នុងឲ្យបានល្អ ។ ទី២.ត្រូវមានកិច្ចសហការល្អជាមួយ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។ ទី៣.ត្រូវមានរបៀបរបបធ្វើការងារឲ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្ដីណែនាំ ។ ទី៤.ត្រូវបន្តសហការឱ្យបានល្អជាមួយព្រះមន្ត្រីសង្ឃទាំងពីរគណៈ ។ ទី៥.ត្រូវបន្តសហការឱ្យបានល្អជាមួយមេដឹកនាំពាហិរសាសនា មានសាសនាឥស្លាម  គ្រឹស្តសាសនា និងសាសនាផ្សេងៗទៀត ។ ទី៦.ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងនូវវិស័យពុទ្ធិកសិក្សា ដែលជាការបណ្តុះបណ្តាលធនមនុស្សក្នុងវិស័យសាសនា ។  ទី៧.ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសុខដុមនីយកម្មក្នុងសាសនា ។ ទី៨.ត្រូវយកចិត្តទុកដាក់ បណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការ ក្រោមឱវាទជាប្រចាំ ។ និងទី៩.យកចិត្តទុកដាក់ក្នុងការកែលម្អសោភណភាព អនាម័យ បរិស្ថានទាំងក្នុង និងក្រៅបរិវេណមន្ទីរ ឲ្យមានសោភ័ណ្ឌភាព ។

ជាមួយគ្នានោះ ឯកឧត្ដម សេង សុខមុនី បារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ផ្ដាំផ្ញើបន្ថែម ទៅកាន់លោកប្រធានមន្ទីរធម្មការ និងសាសនា ទើបចូលកាន់តំណែង ឱ្យរួមគ្នាយកចិត្តទុកដាក់ថែរក្សាអភិរក្សស្នាដៃចាស់ និងខិតខំអភិវឌ្ឍន៍សមិទ្ធផលថ្មីៗ បន្តពីអតីតប្រធានមន្ទីរចាស់ បន្ថែមទៀត ។  ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានសម្ដែងការកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ពោលគឺ បានចូលរួមអនុវត្តច្បាប់យ៉ាងមានប្រសិទ្ធភាព ទៅលើអនុក្រឹត្យអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ជាពិសេស គឺមន្ត្រីថ្នាក់មូលដ្ឋានតែម្ដង ដែលបានចុះជាប់ និងនៅជិតប្រជាពលរដ្ឋ ដើម្បី ស្វែងយល់អំពីសុខទុក្ខ និងធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ។ ដោយឡែក ប្រសិនបើលទ្ធភាព នៃការដោះស្រាយមានទំហំធំ សូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើរបាយការណ៍ជូនមកថ្នាក់ដឹកនាំខេត្ត ដើម្បី មានវិធានការបន្ត និងរួមគ្នារកដំណោះស្រាយ ពោលគឺ មិនត្រូវទុកឲ្យបញ្ហានោះនៅជាប់គាំង និងគ្មានចំណាត់ការនោះឡើយ។

សូមបញ្ជាក់ថា លោក រ៉េត សារ៉ាត ត្រូវបានប្រកាសប្រកាសចូលកាន់តំណែង ជាប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម ជំនួស ឯកឧត្ដម ស្រី សុភ័ក្រ្ត ដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអភិបាលរង ខេត្តកំពង់ចាម នាពេលកន្លងទៅនោះ  ៕

អត្ថបទដែលជាប់ទាក់ទង