សម្តេចតេជោនាយករដ្ឋមន្រ្តីបានជួបសំណេះសំណាលនិងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានសហការនិង ស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរអប្សរា!

នៅព្រឹកថ្ងៃទី១៣កញ្ញា ត្រូវនឹងថ្ងៃបិណ្ឌទី៣ប្រពៃណីជាតិខ្មែរនេះដែរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានផ្លាស់ទី ពីតំបន់ទី១ និងតំបន់ទី២ នៃរម្មណីដ្ឋានអង្គរ មករស់នៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលបានផ្តល់ដីជូនប្រជាពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កាលពីខែសីហាកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រា សាទ ក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ប្រតិបត្តិការក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី។ប្រជាពលរដ្ឋស្ថិតនៅភូមិទក្សិណត្បូង និងភូមិត្រពាំងសេស ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯករួចចំនួន ១,១១៧ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន១ឡូត៍ ទំហំ២០ម៉ែត្រគុណ៣០ម៉ែត្រ។  មានប្រសាសន៍សំណេះ សំណាលទៅកាន់ប្រជាពលរដ្ឋ ដែលបានផ្លាស់ទី ពីតំបន់ទី១ និងតំបន់ទី២ នៃរម្មណីដ្ឋានអង្គរ មករស់នៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានចូលរួមសហការ និងស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។ នៅចំពោះមុខប្រជាពលរដ្ឋដែលបានស័្មគ្រចិត្តទាំងនោះ សម្តេចតេជោមានប្រសាសន៍ថា សម្តេចនិងអភិវឌ្ឍន៍តំបន់លំដ្ឋានរុនតាឯកនេះ ឲ្យក្លាយទៅជាទីក្រុងរុនតាឯក ក្នងពេលអនាគតដ៏ខ្លីខាងមុខ៕

 

 

អត្ថបទដែលជាប់ទាក់ទង