រយៈពេល៥៥ឆ្នាំមកនេះតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត គ្រប់ជ្រុងជ្រោយ រវាងប្រទេសកម្ពុជា-វៀតណាម គឺជាមិត្តភាពដែលមិនអាចកាត់ផ្តាច់បានគ្រប់កាលៈទេសៈ

 ស្ថិតក្នុងបេសកម្មដឹកនាំគណៈប្រតិភូទស្សនៈកិច្ចជារួមនៅប្រទេសវៀតណាម និង ប្រទេសឡាវ ថ្ងៃនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាមប្រកបដោយភាពកក់ក្តៅ។ សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តម វឿន ឌិញហ្វេ បានសម្តែងក្តីសោមនស្សយ៉ាងក្រៃលែងដោយសង្កេតឃើញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់នៅលើគ្រប់វិស័យ ដែលនៅក្នុងឱកាសនេះប្រទេសទំាងពីរបានកំពុងអបអរសាទរខួប៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសកម្ពុជា-វៀតណាម។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម វឿន ឌិញហ្វេ ក៍បានភាពគ្នាបន្តជំរុញអនុវត្តនូវកិច្ចព្រមព្រៀង ដែលរដ្ឋសភាទាំងពីរ បានឯកភាពគ្នាកន្លងមកឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ និងពិនិត្យលទ្ធភាពបន្ថែម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដែលមានស្រាប់ឱ្យកាន់តែមានភាពឆ្លើយតបខ្ពស់ជាងមុន ទៅនឹងការវិវត្តន៍នៃស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។  ជាមួយគ្នានោះ សម្តេចប្រធានរដ្ឋសភាស្នើភាគីរដ្ឋសភាវៀតណាម បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់រដ្ឋសភាកម្ពុជាបន្តទៀត និងជួយជំរុញការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើផ្នែកបច្ចេកវិទ្យា វិស័យកសិកម្ម ដើម្បីជំរុញផលិតកម្មស្បៀងអាហារ នៅតំបន់មេគង្គ ប្រែក្លាយតំបន់នេះ ជាជង្រុកសន្តិសុខស្បៀងតំបន់និងពិភពលោក ដែលនឹងរួមចំណែកដល់សកម្មភាពមនុស្សធម៌ផងដែរ។ សមម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះរដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយឥតសំណងក្នុងការសាងសងអគាររដ្ឋបាលថ្មីជូនរដ្ឋសភាកម្ពុជា ដែលមកដល់ពេលនេះការសាងសង់អគាររដ្ឋបាលថ្មីនេះកំពុងដំណើរយ៉ាងមមាញឹកដែលការសាងសង់ នឹងអាចរួចរាល់នៅដើមឆ្នាំ២០២៤ខាងមុខ។ សម្តេចប្រធានរដ្ឋសភា បានគោរពអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម បំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលសមស្របខាងមុខ និងអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម ចូលរួមកិច្ចប្រជុំទល់មុខគ្នា ជាមួយប្រមុខដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទំាងអញ្ជើញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅទីក្រុងភ្នំពេញ ពីថ្ងៃទី ២០-២៥ ខែ វិច្ឆិកា ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម វឿន ឌិញហ្វេ បានស្នើឲ្យរដ្ឋសភាប្រទេសទំាងពីរ ជំរុញវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជនឲ្យកាន់តែរីកចម្រើនថែមទៀត។ សូមបញ្ជាក់ថាឆ្នាំនេះជាខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម។ ក្នុងរយៈពេល៥៥ឆ្នាំមកនេះតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត គ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរបានកសាងសមិទ្ធផលជាច្រើនរាប់មិនអស់ ដើម្បីជាឧត្តមប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជានទាំងសងខាង។ ប្រវត្តិសាស្រ្តបានបង្ហាញថា ប្រជាជនយើងទាំងពីរ ធ្លាប់រួមសុខ រួមទុក្ខជាមួយគ្នា ប្រគៀកស្មាគ្នា សហការគ្នាដោយស្មោះត្រង់ តស៊ូប្រយុទ្ធប្រឆាំងសត្រូវរួមគ្នា ដើម្បីបុព្វហេតុដណ្ដើមមកវិញនូវ ឯករាជ្យ សន្តិភាព បូរភាពទឹកដីជូនប្រទេសជាតិរៀងៗខ្លួន។ យើង បាន រួមគ្នា ធ្វើដំណើរឆ្លងកាត់ឧបសគ្គលំបាកៗ ជាច្រើនដំណាក់កាល ទម្រាំប្រទេសជាតិយើងទទួលបានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ៕

 

អត្ថបទដែលជាប់ទាក់ទង