ប្រធាន UNDP បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងកោតសរសើរ ចំពោះការអភិវឌ្ឍភាពរីកចម្រើនស្ទើរគ្រប់វិស័យរបស់កម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ!

អំឡុងពេលជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប លោកជំទាវ Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP កន្លងមក ជាពិសេសការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា និងបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវ “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ជាមួយនិងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំ និងការវិលត្រលប់ទៅ រកមាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព ។ “យុទ្ធសាស្រ្ត” នេះ បាន និងកំពុងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ការពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យរស់រវើកឡើង ក៏ដូចជាចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងដែលកាន់តែមានពិពិធកម្ម ក៏ដូចជាដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ។ ជាក់ស្តែង, សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២១ សម្រេចបានកំណើនក្នុងរង្វង់ ៣,០% ហើយសម្រាប់ឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ ថាកំណើនសេដ្ឋកិច្ចនឹងអាចសម្រចបានក្នុងរង្វង់ ៥,៤% ដោយផ្អែកលើកំណើននៃតម្រូវការក្រៅប្រទេស និងការកើនឡើងវិញនៃការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយរំពឹងថាការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងមានភាពធូរស្រាល ដោយសារការទទួលបានការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយនៅកម្ពុជា និងស្របពេលកម្ពុជាបន្តសម្របខ្លួនទៅតាមប្រក្រតីភាពថ្មី (new normal) ។ លោកជំទាវ Kanni Wignaraja ក៏បានសម្តែងនូវសេចក្តីសោមនស្សដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា និងសូមអបអរសាទរជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការទប់ស្កាត់ការរីករាល- ដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសតាមគោលដៅក្នុងល្បឿនលឿន ដែលអនុញ្ញាតឱ្យកម្ពុជាអាចចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ ដែលនេះ គឺជាការព្យាយាមកសាងតុល្យ ភាពរវាងការការពារសុខភាព និងអាយុជីវិតរបស់ប្រជាជននិងការចាប់ផ្តើមសកម្មភាពស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ។ ក្នុងឱកាសនេះដែរ លោកជំទាវ Kanni Wignaraja ក៏បានរំលឹកអំពីអនុស្សាវរីយ៍ ដែល លោកជំទាវ បានជួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ៣០ ឆ្នាំមុន ហើយ លោកជំទាវ សង្ឃឹមថានឹងមានឱកាសជួបសម្តែងការគួរសមជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ម្តងទៀត ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើនស្ទើរគ្រប់វិស័យនៅកម្ពុជាក្នុងរយៈពេលខ្លីចុងក្រោយនេះ ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង