រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា៖កម្ពុជាគឺមានទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំនិងការ វិលត្រលប់ទៅរកមាគ៌ានៃកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាព!
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបឯកឧត្ដម Kriss Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (European Investment Bank – EIB) ក្នុង ដំណើរ ទស្សនកិច្ចរបស់ឯកឧត្ដមមកប្រទេសកម្ពុជា។ ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្ដម Kriss Peeters មកកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង EIB នាពេលកន្លងមក និងបានបញ្ជាក់ជូនថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវ “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ជាមួយនិងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព ។ “យុទ្ធសាស្រ្ត” នេះ បាន និង កំពុងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និង ជាកម្លាំង ចលករ ដ៏មាន ប្រសិទ្ធភាព សម្រាប់ ការ ពង្រឹង សក្តានុពល នៃ ចន្ទល់ កំណើន សេដ្ឋកិច្ចរបស់កម្ពុជាឱ្យរស់រវើកឡើង ក៏ដូចជាចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែល កំពុង លេច ឡើង ស្រប នឹង និន្នាការ តំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងដែលកាន់តែមានពិពិធកម្ម ក៏ដូចជា ដើម្បី កសាង ភាពធន់ដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ។ ជាមួយគ្នានេះ,ឯកឧត្តមអគ្គបណ្ឌិតសភាចា្យឧបនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ EIB ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាម រយៈកិច្ច សហប្រតិបត្ដិការ បច្ចុប្បន្ន ហើយ ស្នើសុំ ឲ្យ EIB បន្តគាំទ្រ រាជរដ្ឋាភិបាល ក្នុង ការ វិនិយោគលើ វិស័យ អាទិភាព តាមរយៈការ ចូលរួមជា ឥណ-ទាន សម្បទាន , ហិរញ្ញប្បទាន ឥតសំ ណង, និង ការ គាំទ្រ ជំនួយ បច្ចេកទេស នានា ជាដើម ។ ឯកឧត្ដម Kriss Peeters ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា និង ការ ស្វាគមន៍ដ៏កក់ក្ដៅរបស់ រាជរដ្ឋាភិបាល កម្ពុជា និងបានជម្រាបជូនថា EIB បានដាក់ សម្ភោធជា ផ្លូវការ នូវការិយាល័យ ប្រចាំតំបន់របស់ ខ្លួន នៅទីក្រុង ចាកាតា ប្រទេស ឥណ្ឌូនេស៊ី កាល ពីថ្មីនេះ ហើយ EIB បាន ត្រៀម រួច ជា ស្រេច ក្នុង ការ ពង្រឹង សហប្រតិបត្ដិការ កម្រិត តំបន់ ជាពិសេស ជាមួយ កម្ពុជាឱ្យ កាន់តែមាន ភាព រឹងមាំថែមទៀត ។ ឯកឧត្ដម ក៏បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះសម្រាប់ កិច្ច ប្រជុំ កំពូល អាស៊ាន (ASEAN Summit) លើក ទី ៤០ និង ៤១ នៅក្នុង ខែ វិច្ឆិកា ឆ្នាំ ២០២២ ខាង មុខនេះ ហើយ ថ្នាក់ ដឹក នាំ ជាន់ ខ្ពស់ របស់សហភាព អឺរ៉ុបនឹង អញ្ជើញ ចូលរួម កិច្ចប្រជុំនេះផងដែរ ៕