វេទិកា ស្ដីពីការបង្កើនការចូលរួម របស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងសំណល់រឹង រាវ (សម្រាម) ដើម្បី ទីក្រុងស្អាត និងសុខភាពល្អ
កំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយអង្គការដៃគូរ បានរៀបចំវេទិកា ស្ដីពីការបង្កើនការចូលរួម របស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងសំណល់រឹង រាវ (សម្រាម) ដើម្បី ទីក្រុងស្អាត និងសុខភាពល្អ ក្រោមវត្តមាន ឯកឧត្ដម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ។ វេទិកានេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងតំណាងអាជ្ញាធរក្រុង សង្កាត់ ព្រមទាំង តំណាងប្រជាពលរដ្ឋ នៅក្នុងសង្កាត់ទាំង ៤ តំណាងលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្ស និស្សិត មកពីវិទ្យាល័យ សកលវិទ្យាល័យ នានា នៅក្នុងក្រុងកំពង់ចាម សរុបប្រមាណជាង ២០០នាក់ ផងដែរ។
ថ្លែងនាឱកាសនោះ ឯកឧត្ដម ខ្លូត ចិន្ដា អភិបាលរងខេត្តកំពង់ចាម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលសហការល្អ ញាំងឲ្យមានវេទិកា ដ៏មានសារៈសំខាន់នេះឡើង ។ ឯកឧត្ដម បញ្ជាក់ថា ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅតែបន្តការយកចិត្តទុកដាក់ និងឈរលើគោលការណ៍ច្បាស់លាស់ ដើម្បី ផលប្រយោជន៍ជាតិ និងប្រជាជន ជាពិសេស ការបន្តរក្សាសន្តិភាព ការធ្វើកំណែទម្រង់ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ការជួយដែលងាយរងគ្រោះ តាមរយៈ ប័ណ្ណក្រីក្ររងគ្រោះដោយសារជម្ងឺកូវីដ ១៩ និងគោលនយោបាយ សម្រាប់ជួយដល់កម្មករ កម្មការិនី ។ ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការសំខាន់ៗចំនួន ៤ចំណុច ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹង រាវ នៅទីប្រជុំជន រួមមាន ៖ ១.ការចូលរួមការទទួលខុសត្រូវ របស់ក្រសួងស្ថាប័ន អង្គភាពជំនាញរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា លើការគ្រប់គ្រងសំណល់រឹង រាវ នៅទីប្រជុំជន និងទីសាធារណៈ ។ ២.ប្រគល់មុខងារគ្រប់គ្រង សំណល់រឹង រាវ នៅទីប្រជុំជន ទៅឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងស័យឯកជន ។ ៣.កំណត់វិធានការចាំបាច់ ដើម្បី បង្កើនប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការគ្រប់គ្រងសំណល់រឹង រាវ នៅទីសាធារណៈ ។ ដូច្នេះ បើយើងចង់ឲ្យទីក្រុងយើងស្អាត យើងត្រូវធ្វើការផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋបានយល់ដឹង អំពីផលប៉ះពាល់សុខភាព សោភ័ណ្ឌភាព និងបរិស្ថាន ។ ត្រូវឲ្យមានការយកចិត្តទុកដាក់ និងការចូលរួមពីអ្នកពាក់ព័ន្ធ ព្រមទាំង ការអនុវត្តវិធានការច្បាប់ ផងដែរ ។ ឯកឧត្ដម អភិបាលរងខេត្ត ក៏បានបញ្ជាក់ដែរថា ក្នុងការលើកកម្ពស់ ការយល់ដឹងសាធារណៈ ក្នុងការគ្រប់គ្រងសំណល់រឹង រាវ នៅទីប្រជុំជន យើងក៏ត្រូវមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់សាធារណៈជន រួមទាំង ការអនុវត្តសកម្មភាពជាក់ស្ដែង របស់អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន ក៏ដូចជា ការផ្ដើមចេញពីបុគ្គលម្នាក់ៗ ផងដែរ ។
គូសបញ្ជាក់ដែរថា វេទិកាខាងលើនេះ ធ្វើឡើងដើម្បី ៖ ១.បង្កើនចំណេះដឹង ដល់ប្រជាពលរដ្ឋ យុវជន និងអ្នកពាក់ព៏ន្ធ ស្ដីពីលិខិតបទដ្ឋាន ស្ដីពីការអុកដាក់ និងគ្រប់គ្រងសំណល់រឹង រាវ (សម្រាម) ទីប្រជុំជន ។ ២.បង្កើនកិច្ចសហការ និងកៀរគរការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបង្កើនប្រសិទ្ធភាព នៃការទុកដាក់សំណល់រឹង រាវ (សម្រាម) ។ ៣.ផ្លាស់ប្ដូរឥរិយាបទ បន្ថយទំនាស់ និងលើកកម្ពស់ ការអប់រំស្ដីពីការគ្រប់គ្រងសំណល់រឹង រាវ (សម្រាម) តាមវិធីសាស្ត្រ មិត្តអប់រំមិត្ត ។ និង៤.កាត់បន្ថយការកកស្ទះសម្រាម ក្នុងលូដែលនាំឲ្យស្ទះ និងទឹកភ្លៀងហូរមិនទាន់ ។ ទន្ទឹមនឹងនោះដែរ វេទិការនេះ ក៏បានអញ្ជើញវាគ្មិន តំណាងឲ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ បង្ហាញនូវចំណាប់អារម្មណ៍ រួមទាំង ការលើកឡើងនូវសំណួរ និងសំណូមពរ ពីអ្នកចូលរួម ក្នុងអត្ថន័យ ចូលរួមទាំងអស់គ្នា ដើម្បី ធ្វើការកែលម្អ ដែលជាការឆ្លើយតបទៅនឹងគោលបំណង ដែលវេទិកាបានគ្រោងទុក ផងដែរ ៕