ឯកឧត្ដម ស្បោង សារ៉ាត់ អញ្ជើញជាអធិបតីសម្ភោធក្លោងទ្វារ និងសមិទ្ធផលនានា នៅក្នុងវត្តសិរីមង្គល( វត្តខ្យោកកណ្តាល) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ភោធឆ្លងសមិទ្ធផលនានាក្នុងវត្តសិរីមង្គល (ហៅវត្តខ្យោកកណ្តាល) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថា សមិទ្ធិផលនានាដែលត្រូវដាក់សម្ពោធឆ្លងនាថ្ងៃនេះមាន របងជុំវិញវត្តមានកម្ពស់ ២.៥០ ម៉ែត្រ ប្រវែង ២១៦ ម៉ែត្រ។ ចាក់ដី និងចាកសាបបំពេញធីធ្លាវត្ត(ទំហំ ៤,០០០ ម៉ែត្រការ៉េ)

កសាងបន្ទប់ទឹក ១ ខ្នង មាន ៥ បន្ទប់។កសាងស្រះទឹក ១ កន្លែង រៀបជញ្ជាំងឥដ្ឋថ្មជុំវិញ( ទំហំ២៥ x ២៣ ម៉ែត្រ)។កសាងព្រះពុទ្ធបដិមា និងប្រោសបញ្ជាវគ្គីយ៍(ថ្មដាប់)។កសាងខ្លោងទ្វារចំនួន ២ កន្លែង (ទទឹង ៨ ម៉ែត្រ កំពស់ ៩.៥០ ម៉ែត្រ។

សព្វថ្ងៃវត្តនៅជំពាក់ថ្លៃគ្រឿងសំណង់និងថ្លៃឈ្នួលជាងចំនួន ២៥,៨២៥ ដុល្លារ។ ចំពោះ បច្ច័យ ដែលនៅជំពាក់ថ្លៃគ្រឿងសំណង់ និងថ្លៃឈ្នួលជាងនេះឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ចេញសងទាំងអស់។

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺមានការរីកចម្រើនទៅមុខជាលំដាប់ ដោយមានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនមាន ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះដែរឯកឧត្តម ស្បោង សារ៉ាត់ ក៏បានលើកឡើងថា វត្តអារាមគឺជាទីកន្លែងសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយដែលគាត់កាន់នៅព្រះពុទ្ធសាសនា តែងតែមកគោរពប្រតិបត្តិនៅក្នុងវត្តអារាមនេះ។  ក្នុងនោះដែរឯកឧត្តម  ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានផ្ដាំផ្ញើដល់ពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការ វត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ថែរក្សានូវសមិទ្ធផលដែលបានកសាងឡើងដាក់ឲ្យសម្ពោធនាថ្ងៃនេះ និងសូមឱ្យ ពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការ រួមទាំងព្រះសង្ឃមេត្តាខិតខំដាំដើមឈើឲ្យបានច្រើនដើម្បីទុកជាប្រយោជន៍ បង្កើតនូវបរិស្ថានធម្មជាតិមួយនៅក្នុងវត្តផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនាក៏ដូចជាវិស័យផ្សេងៗទៀតក្នុងប្រទេសកម្ពុជាយើងមានការរីកចម្រើនជាលំដាប់ គឺដោយសារកត្តាសុខសន្តិភាពដែលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណដល់សន្តិភាព និងត្រូវចូលរួមរក្សាសុខសន្តិភាពជាមួយរដ្ឋាភិបាល ឱ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងប្រកបដោយសុខដុមរមនា នឹងមានឱកាសរកទទួលទានបង្កើនជីវភាពគ្រួសារតាមមុខរបររៀងៗខ្លួនឱ្យកាន់តែប្រសើរឡើង ជាពិសេស បន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត។

 

ក្នុងនោះដែរ ឯកឧត្តម ស្បោង  សារ៉ាត់ បាននាំយកថវិការបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលបុណ្យប្រកគេនព្រះសង្ឃចំនួន ២០ លានរៀលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង