ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ជួបពិភាក្សាការងារជាមួយ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន!

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាននិងជាប្រធានគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣  ព្រមទាំងវត្តមាន ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងមន្រ្តីជំនាញបច្ចេកទេសចូលរួមផងដែរ។ ជាកិច្ចចាប់ផ្តើមឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់ថា ស.ស.យ.ក មិនមានរចនាសមន្ធ័ នៅក្នុងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នោះទេ គ្រាន់តែជាដៃគូរនៃកិច្ចសហការជាមួយ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយកីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ តាមរយៈការចូលរួមផ្តល់ជារូបភាពសហការ ដោយមិនធ្វើការងារជាន់ជាមួយ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនោះទេ ហើយធ្វើអ្វីផ្អែកលើការពិគ្រោះយោបល់គ្នា មានការឯកភាពជាមួយ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ។   ដូច្នេះសម្រាប់កិច្ចប្រជុំនាឱកាសនេះ គ្រាន់តែពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍គ្នានៅក្នុងផ្នែកណា ដែលយើងអាចសហការជាមួយគ្នាបាន រវាងគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។ ជាការឆ្លើយតបឯកឧត្តម ផុស សុវណ្ណ ក្នុងនាមគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានបញ្ជាក់ពីជំហរ ក្នុងការធ្វើកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរួមគ្នាផ្សព្វផ្សាយព័ត៌មាន សម្រាប់ដំណើរឆ្ពោះទៅការប្រកួតកីឡាសុីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ។ គួររំលឹកដែរថា កាលពីខែសីហា កន្លងមកនេះឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យគណៈ កម្មការពាក់ពន្ធ័ ពង្រឹងការផ្សព្វផ្សាយអំពីយុទ្ធនាការទាំង៥ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំ២០២៣ រួមមានយុទ្ធនាការ កីឡារស់ក្នុងសន្ដិភាព, ប្រជាជនម្នាក់លេងកីឡាមួយមុខ ក្នុងមួយជីវិត, កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ, កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀន ៕

 

អត្ថបទដែលជាប់ទាក់ទង