លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទស្សនាតំបន់កំពង់ផែស្ងួត ប្រទេសឡាវ!
គណៈប្រតិភូជាន់ខ្ពស់រដ្ឋភាកម្ពុជាអញ្ជើញទស្សនាតំបន់ផែស្ងួត Veintiane Logistice Park ប្រទេសឡាវក្រោមការដឹកនាំរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទស្សនាតំបន់កំពង់ផែស្ងួត Veintiane Logistice Park ដែលជាគម្រោង វិនិយោគលើបណ្តាញ ផ្លូវគមនាគមន៍ផ្លូវគោក ដ៍ធំមួយរបស់ប្រទេសឡាវ ដោយកំពង់ផែស្ងួតនេះគឺជាគម្រោងវិនិយោគដោយទុននៅក្នុងស្រុកក្នុងទំហំទឹកប្រាក់ប្រមាណជាង៧០០លានដុល្លារ ក្នុងការតភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិននិងប្រទេសក្នុងតំបន់អាស៊ាន និងពីឡាវទៅប្រទេសនៅប៉ែកអឺរ៉ុប មានអាល្លឺម៉ង់ជាដើម។ គម្រោងនេះនឹងធ្វើឲ្យប្រទេសឡាវ ដែលគ្មានកំពង់ផែសមុទ្រមានផ្លូវគមនាគមន៍ដឹកជញ្ជួនភ្ជាប់ទៅកាន់ពិភពលោក គឺLand lock to land link។ យោងតាមប្រសាសន៍លោកអគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថាទៅថ្ងៃអនាគតក្រុមហ៊ុនមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជាដែលជាមធ្យោបាយដឹក ជញ្ជួនមួយធ្វើឲ្យការដឹកជញ្ជួនទំនិញពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ននេះនិងនីតិវិធីងាយ ស្រួលទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគដ៍ធំនេះ។ លោកជំទាវចាត់ទុកថាគម្រោងនេះជាចក្ខុវិស័យវែងឆ្ងាយមួយរបស់ថ្នាក់ដឹកនាំប្រទេសឡាវ ហើយនេះជាគម្រោងមួយ គួរជាទីមោទន ណាស់ពីព្រោះបានប្រើប្រាស់ទុននៅក្នុងស្រុក។ ចំពោះគម្រោងចង់តភ្ជាប់ផ្លូវគមនាគមន៍ចូលមកកម្ពុជានោះលោកជំទាវ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងពាំនាំគម្រោងនេះជូនថ្នាក់ដឹកនាំ។ លោកជំទាវបានបញ្ជាក់ថា កម្ពុជាត្រៀមស្វាគមន៍ជានិច្ច នៅពេលក្រុមហ៊ុនចុះទៅសិក្សានៅកម្ពុជានោះ៕