ប្រធានទីភ្នាក់ងារ JICA និងឯកឧត្តម Daren Tang នាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី!
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យឯកឧត្តម KITAOKA Shinichi អតីតប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។ ឯកឧត្តម KITAOKA បានគោរពសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនសម្ដេចតេជោដែលបានផ្ញើសាររំលែកមរណៈទុក្ខរបស់ឯកឧត្តម សិនសូ អាបេ។ ឯកឧត្តម KITAOKA មានប្រសាសន៍បន្តថា កម្ពុជាជាដៃគូយ៉ាងសំខាន់របស់ជប៉ុន។ ប្រទេសទាំងយើងទាំងពីរកម្ពុជា-ជប៉ុន មានកិច្ចសហប្រតិបត្តិការច្រើន ហើយឈរលើមូលដ្ឋានការយល់គ្នាទៅវិញទៅមកលទ្ធភាពល្អ និងជាពិសេសប្រសិទ្ធភាពការ ងាររបស់រដ្ឋាភិបាលទាំងពីរ ធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទទួលបានជោគជ័យ។ ឯកឧត្តម KITAOKA បានឆ្លៀតឱកាសនោះ សំដែងនូវការគោរព និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំជាប្រធានអាស៊ាន របស់សម្ដេចតេជោ ជាពិសេសចំពោះវិធានការ នៅប្រទេសមីយ៉ាន់ម៉ា។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តម KITAOKA ថា ឯកឧត្តម អាបេ ជាអ្នកមានគុណសម្រាប់យើង និងប្រទេសទាំងពីរ។ ឯកឧត្តម អាបេ បានបន្សល់ទុកនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ក្នុងនោះរួមទាំងស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥។ ក្រៅពីជួយកម្ពុជា តាមរយៈជំនួយរដ្ឋាភិបាល ឯកឧត្តម អាបេ ក៏បានជួយកម្ពុជា តាមរយៈការកសាងសាលារៀនឲ្យកម្ពុជា តាមរយៈសមាគមសភាជប៉ុនផងដែរ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា ឯកឧត្តម អាបេ តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារតំបន់ ក៏ដូចជាការងារមនុស្សធម៌ផងដែរ។ ឯកឧត្តម អាបេ តែងតែឆ្លៀតប្រជុំជប៉ុន-មេគង្គ យ៉ាងទៀងទាត់ ទោះមានការមមារញឹកយ៉ាងណាក៏ដោយ ហើយរាល់ពេលក្នុងកិច្ចប្រជុំ ឯកឧត្តម អាបេ តែងតែលើកឡើងអំពីការសុំការគាំទ្រលើបញ្ហាការចាប់ជំរិតជនជាតិជប៉ុន ដោយប្រទេសកូរ៉េខាងជើង។សម្ដេចបានមានប្រសាសន៍បន្ថែមថា ការចាកចេញរបស់ឯកឧត្តម អាបេ គឺជាការបាត់ បង់មិត្តភក្កិម្នាក់ ដែលធ្លាប់ជួយកម្ពុជា ក្នុងគ្រាលំបាក។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអនុញាតិឱ្យឯកឧត្តម Daren Tang នាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម Daren Tang បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកម្ពុជាជាច្រើនលើកមកហើយ ហើយសព្វដងដែលឯកឧត្តមបានមកដល់កម្ពុជា គឺបានឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមសូមសម្ដែងនូវការគោរព និងអបអរសាទរ ជូនចំពោះសម្ដេចតេជោនិងប្រជាជនកម្ពុជា។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែនាពេលនេះ អង្គការនេះ កំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍន៍ គាំទ្រគម្រោងការអភិវឌ្ឍរបស់ប្រទេស ដែលកំពុងអភិវឌ្ឍន៍ ហើយដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផង និងដើម្បីស្វែងយល់ និងស្វែងរកវិធីជួយគាំទ្រដល់កម្ពុជាផង ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្រ្តី បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយដល់កម្ពុជា ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា ហើយក៏បានជម្រាបជូនឯកឧត្តម Daren Tang និងប្រតិភូ អំពីការកត់សម្គាល់របស់សម្ដេច រួមមាន៖ ពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់ មានការកើនឡើងនៅក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ19 នោះសបញ្ជាក់ឲ្យឃើញថា AFTA ចាប់ផ្ដើមដំណើរការសកម្មនៅពេលដែលមានជំងឺកូវីដ19៕