វិស័យទេសចរណ៍គឺជាមាសបៃតងដែលបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា!
រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យកសិករ ជាមាសពណ៌ ឬ វិស័យទេសចរណ៍ ជាមាសពណ៌បៃតង ហើយវិស័យទេសចរណ៍នៅកម្ពុជាទៀតសោតជាទេសចរណ៍បែបវប្បធម៌និងធម្មជាតិបាននឹងកំពុងបោះជំហានរីកចម្រើនខ្លាំងជាលំដាប់ ដោយរក្សាបាននូវកំណើនចេញពីវិស័យនេះជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជាកន្លងមកនិងបច្ចុប្បន្នបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយនឹងបន្តខិតខំបន្ថែមទៀតដើម្បីប្រែក្លាយកម្ពុជាដែលជាប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តបន្តអនុវត្តវិធានការគន្លឹះសំខាន់ៗមួយចំនួនដើម្បីផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដោយផ្តោតខ្លាំងទៅលើឌីជីថលរូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ និងធានាឱ្យបាននូវទស្សនទាន«បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍សម្រាប់បច្ចេកវិទ្យាទំនើប» ឬអាចហៅថា «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត » រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តនូវវិធានការដូចខាងក្រោម ៖
១-ផ្សារភ្ជាប់ចក្ខុវិស័យទេសចរណ៍ឆ្នាំ២០៣០ ជាមួយបដិវត្តន៍ឧស្សាហកម្មជំនាន់ថ្មីទី៤ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នៃរាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ព្រមទាំងរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍សំខាន់ៗលើផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្សក្នុងឧស្សាហកម្មទេសចរណ៍ សំដៅធានាឱ្យបានថា «ការប្រើប្រាស់នវានុវត្តន៍ និងភាពជឿលឿននៃបច្ចេកវិទ្យា» នឹងផ្តល់ឱ្យវិស័យទេសចរណ៍នូវកាលានុវត្តភាព ដល់ការលើកកម្ពស់ប្រសិទ្ធភាពក្នុងវិស័យទេសចរណ៍ ការជំរុញបរិយាប័ន្នភាពក្នុងឧស្សាហកម្មទេសចរណ៍ ការលើកកម្ពស់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព និងការចូលរួមសម្រេចបាននូវរបៀបវារៈផ្សេងៗទៀត នៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ១៥លាននាក់នៅឆ្នាំ២០៣០។ ២-រៀបចំកម្មវិធីពង្រឹងសមត្ថភាពមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការលើកកម្ពស់គុណភាពនៃការអប់រំកម្រិតខ្ពស់ ការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធ នឹងឧស្សាហកម្មទេសចរណ៍ឱ្យស្របតាមនិន្នាការនៃការរីកចម្រើនបច្ចេកវិទ្យានិងឌីជីថលរូបនីយកម្ម ។៣- លើកកម្ពស់ការស្រាវជ្រាវនិងនវានុវត្តន៍ក្នុងឧស្សាហកម្មទេសចរណ៍ ពង្រឹងនូវសមត្ថភាពសហគ្រិនភាព ក្នុងការរៀបចំគំរូធុរកិច្ច បង្កើតការងារថ្មី និងតម្រង់ទិសថ្មីរបស់សេដ្ឋកិច្ចឌីជីថលនាពេលអនាគត សម្រាប់ឧស្សាហកម្ម ទេសចរណ៍កម្ពុជា »។ យោងតាមក្រសួងទេសចរណ៍ឲ្យដឹងថា៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានទេសចរអន្តរជាតិសរុប ១៥១.៦៨០នាក់ បានមកកម្សាន្តនៅកម្ពុជា។ ចំនួននេះ កើនឡើង១១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១។ ទេសចរអន្តរជាតិទាំងនោះ បានធ្វើដំណើរមកកម្ពុជាតាមរយៈផ្លូវអាកាស ចំនួន ៨៦ ៥៨៨ នាក់ តាមផ្លូវគោកចំនួន ៦៣០៤៨នាក់ និងតាមផ្លូវទឹកចំនួន ២០៤៤នាក់។ នេះបើតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែមេសានេះ។ ភ្ញៀវទេសចរអន្តរជាតិក្នុងតំបន់អាស៊ានភាគច្រើន ដែលមកកម្ពុជាមាន ថៃ វៀតណាម និងឥណ្ឌូណេស៊ី។ ចំណែក ទេសចរនៃទ្វីបអាស៊ី មានដូចជា ចិន កូរ៉េ និងជប៉ុន ចំពោះទេសចរនៃទ្វីបអឺរ៉ុបមាន បារាំង និងអង់គ្លេស ក្រៅពីនេះ ក៏មានទេសចរនៃទ្វីបអាម៉េរិកកផងដែរ។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍បានឲ្យដឹងថា ឆ្នាំ២០២២ ទេសចរអន្តរជាតិ នឹងកើនឡើងពី៦០ម៉ឺននាក់ ទៅ៧០ម៉ឺននាក់ ឬអាចច្រើនជាងនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាផ្តល់ទិដ្ឋាការពេលមកដល់ឡើងវិញ និងសម្រេចបន្ធូរបន្ថយលក្ខខណ្ឌផ្នែកសុខាភិបាល។ចំពោះទេសចរផ្ទៃក្នុង កម្ពុជាទទួលបានប្រមាណ ២,៨លាននាក់ កើនឡើង៤៨ភាគរយ បើធៀបនឹងពេលដូចគ្នា នៃឆ្នាំ២០២១។ ក្នុងចំណោមទេសចរណ៍ផ្ទៃក្នុងនេះ មានទេសចរជាតិ ប្រមាណ ២,៥លាននាក់ កើនឡើង៤២ភាគរយ និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៣០ម៉ឺននាក់ កើនឡើង១៣១ភាគរយ។ បើតាមការព្យាករណ៍ឆ្នាំ២០២២ កម្ពុជា អាចមានទេសចរផ្ទៃក្នុងដើរកម្សាន្ដទូទាំងប្រទេស ប្រមាណជាង១០លាននាក់ ដែលកើនឡើងជាង១០០ភាគរយ ខណៈកាលពី២០២១ ទេសចរផ្ទៃក្នុងដើរកម្សាន្ដ មានចំនួន៤.៦៦លាននាក់៕