ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងប្រធានសមាគមនារីខេត្ត អញ្ជើញចូលរួមកាន់បិណ្ឌវេនទី ៥ នៅវត្តតេជះសុវណ្ណភូមិ ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ :
ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោកជំទាវ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្ត រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកាសមាគមន៍នារីខេត្ត និងមន្ត្រីរាជការ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ្ធជិតឆ្ងាយ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០៥ នៅវត្តតេជះសុវណ្ណភូមិ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ ។
ថ្នាក់ដឹកនាំទាំង ២ រូប បាននាំយកនូវទេយ្យទានទេយ្យវត្ថុព្រមទាំងបច្ច័យវេរប្រគេនជូនព្រះសង្ឃ បានរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន ដោយសទ្ធាជ្រះថ្លាបំផុត នៅទីអារាមមួយនេះផងដែរ ។
ពិធីកាន់បិណ្ឌ ឬដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ឬប្រជុំបិណ្ឌនេះ ធ្វើឡើងដើម្បីទំនុកបម្រុងបច្ច័យ ៤ ចំពោះព្រះសង្ឃ ដែលគង់ចាំវស្សា ដោយមានគោលបំណងតបស្នងសងគុណ ឧទ្ទិសកុសលទៅឱ្យបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាធ្វើបុណ្យកុសល សន្សំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់ខ្លួនយើងម្នាក់ៗ ហើយបានបុណ្យទៅដល់អ្នក មានគុណរបស់យើង និងបានចូលមកអប់រំខ្លួនយើង ក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនាផងដែរ ៕