ឯកឧត្តម ហាន កុសល ដឹកនាំក្រុមការងារដាក់បិណ្ឌទី៧ និងចុះសួរសុខទុក្ខកុមារពិការភាព នៅស្រុកជើងព្រៃ

កំពង់ចាម៖ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តទទួលបន្ទុកចុះជួយស្រុកជើងព្រៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងលោកជំទាវ អមដំណើរដោយលោក អូត ឈាងលី អភិបាលស្រុក លោក ប្រាក់ សារ៉ុម មេឃុំស្តើងជ័យ បានដឹកនាំក្រុមការងារនាំយកបច្ច័យ និងទយ្យវត្ថុ ដាក់បិណ្ឌទី៧ នៅវត្តខ្នារ និងវត្តស្តើងជ័យ ស្រុកជើងព្រៃ ។

ឯកឧត្តម ហាន កុសល អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺមានការរីកចម្រើនទៅមុខជាលំដាប់ ដោយមានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនមាន ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

គួររំលឹកដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយើង ដ៏ធំមួយក្នុងចំណោមបុណ្យជាច្រើន ដែលប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ។ បុណ្យនេះ ចាប់ផ្តើមពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ។ នៅថ្ងៃបុណ្យកាន់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌឈានចូលមកដល់ម្ដងៗ គេសង្កេតឃើញ បងប្អូនប្រជាជនខ្មែរ ដែលនិយម និងជាអ្នកកាន់ភ្ជាប់នូវព្រះពុទ្ធសាសនា តែងតែនាំគ្នាយកចង្ហាន់ ទេយ្យទានផ្សេងៗ មានម្ហូប អាហារ នំ ចំណី ជាដើម ទៅវេរប្រគេព្រះសង្ឃ នៅតាមទីអារាមនានា ដើម្បី ឧទ្ធិសមគ្គផល និងគុណូប្បការៈគុណ ទៅដល់បុព្វការីជន អ្នកមានគុណ មាតា បិតា ជីដូន ជីតា ដែលបានចែកដ្ឋានរំលាយកាយ ទៅកាន់បរលោកខាងមុខ ។ ម្យ៉ាងវិញទៀត ក៏ជាពេលវេលាដ៏ប្រសើរ ដើម្បី ឲ្យប្រជាពលរដ្ឋយើង បានយកចំណីចំណុក និងគ្រឿងបរិក្ខាផ្សេង ទៅផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាស ផងដែរ ។ យើងទាំងអស់គ្នា បានដឹងហើយថា ក្រោមដំបូលសុខសន្តិភាព  ជាពិសេស នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ឱឝាសដល់ប្រជាពលរដ្ឋយើង ប្រកបរបរទទួលទានប្រចាំថ្ងៃ និងជួបជុំគ្នាធ្វើបុណ្យ ទានផ្សេងៗ ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លារៀងៗខ្លួន ដែលផ្ទុយស្រឡះទាំងស្រុង កាលពីរបប ប៉ុល ពត ប្រល័យពូជសាន៍ បានបំបាត់អស់ទាំងស្រុង នូវជំនឿសាសនា រាប់ទាំងព្រះពុទ្ធសាសនា ផងដែរ។

បន្ទាប់ពីដាក់បិណ្ឌរួច ឯកឧត្តមប្រធានបានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខកុមារពិការភាពពីកំណើត ដែលមានម្តាយជាស្ត្រីមេម៉ាយ គ្មានផ្ទះសម្បែង គ្មានមុខរបរ រស់នៅទីទ័លក្រ ។ ក្នុងនោះឯកឧត្តមបានពិភាក្សាជាមួយក្រុមការងារដើម្បីស្វែងរកជំនួយជាដីតូចមួយធំពីប្អូនស្រីគាត់ និងស្វែងរកជំនួយពីអង្គការដៃគូ ដើម្បីសង់ផ្ទះសមរម្យមួយជូនគាត់ ព្រមទាំងបង្កើតមុខរបរសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃជូនគាត់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង