ឯកឧត្តមរដ្ឋមន្ត្រី វង សូត និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី ៨ និងពុទ្ធាភិសេក នៅវត្តសិលារង្សី (ត្រពាំងថ្កូវ) ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ 

ខេត្តត្បូងឃ្មុំ :

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនានៅកម្ពុជា ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ជើញក្នុងពិធីពុទ្ធាភិសេក បញ្ចុះលក្ខណ:ព្រះពុទ្ធរូបព្រះអង្គធំលើព្រះវិហារ និងកាន់បិណ្ឌវេនទី ៨ វត្តសិលារង្សី (ត្រពាំងថ្កូវ) ភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ ។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បានធ្វើការរាប់បាដ្ឋឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាត្តិការទាំង ៧ សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកមកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជានៃយើង ។

ឯកឧត្តមមានអនុសាសន៍ថា ពិធីបុណ្យកាន់បិណ្ឌ គឺតែងតែប្រារព្ធធ្វើជាប្រពៃណីតាំងពីបរមបុរាណតរៀងមក មានគោលបំណងដើម្បីទុកលទ្ធភាពឲ្យព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា នៅក្នុងទីអារាម ទទួលការផ្គត់ផ្គង់ពីពុទ្ធបរិស័ទចំណុះជើងវត្តទំនុកបម្រុងព្រះសង្ឃ គង់ចាំវស្សាក្នុងវត្តរយៈពេល ៣ ខែ ចាប់តាំងពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា និងក៏ជាការរំឭកដល់វិញ្ញាណ្ខ័ន្ធបុព្វការីជន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ។

ឯកឧត្តមបន្តថា បន្ទាប់ពីអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយយុទ្ធសាស្រ្តស្រោចវ៉ាក់សាំង នៅទូទាំងប្រទេស ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ បានធ្វើអោយប្រជាពលរដ្ឋមានឱកាសបានជួបជុំ និងគោរពប្រណិបត្តិ សាសនា តាមជំនឿរៀងៗខ្លួន ជាពិសេសធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី ៧ ឆ្នាំ ២០២២ ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីការស្រលាញ់ពេញចិត្ត ការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដើម្បីដឹកនាំប្រទេស បន្តរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត និងសូមបន្តការគាំទ្រនេះ ក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត ។

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមកប្រគល់ជូនវត្តសិលារង្សី (ត្រពាំងថ្កូវ) រួមមាន អង្ករ ទឹកដោះគោ ត្រីខ មី ទឹកក្រូច ស្ករស ទឹកសុទ្ធ សាដក់ បច្ច័យកសាងចំនួន ៤៣.៩៥០.០០០ រៀល ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង