ឯកឧត្តមរដ្ឋមន្ត្រី វង សូត និងលោកជំទាវ ចុះពិនិត្យការសាងសង់ព្រះវិហារ និងសមិទ្ធិផលនានា នៅវត្តពពេល ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
( ត្បូងឃ្មុំ ):
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ជើញចុះពិនិត្យការសាងសង់ព្រះវិហារ និងសមិទ្ធិផលនានា នៅវត្តពពេល ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ដែលកំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៣០% ហើយគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពាក់កណ្តាលឆ្នាំ ២០២៣ ខាងមុខនេះ។
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានអនុសាសន៍ដោយក្តីមោទនភាពរីករាយចំពោះសមិទ្ធិផលថ្មីៗ ពិសេសព្រះវិហារវត្តពពេលយ៉ាងថ្មីស្រឡាង បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតក្នុងពេលដ៍ខ្លីខាងមុខនេះ ។
មួយគ្នានេះ ឯកឧត្តមបានអរគុណចំពោះសន្តិភាពក៏ដូចជា ការដឹងគុណចំពោះស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន ដែលជាអ្នកធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព និងការអភិវឌ្ឍន៍និងរីកចម្រើនគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ។
ឯកឧត្តមបន្តថា (បើគ្មានសន្តិភាព បើគ្មានវត្តមានសម្តេចទាំងទ្វេទេនោះ ប្រទេសជាតិយើងមិនមានការអភិវឌ្ឍន៍រីកចម្រើនបែបនេះបានដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខ សន្តិភាព ឲ្យនៅគង់វង្សយូរអង្វែងដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការរីកចម្រើនជាងនេះទៀត) ។
ទន្ទឹមនិងនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងធ្វើការណែនាំឲ្យក្រុមជាងសាងសង់ ត្រូវយកចិត្តទុកដាក់ខិតខំធ្វើការ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការសាងសង់ព្រះវិហារវត្តពពេលថ្មីនេះ អោយបានរួចរាល់មុនឱកាសពេលបោះឆ្នោតសកល ឆ្នាំ២០២៣ខាងមុខនេះ ។
ព្រះវិហារថ្មី មានខឿនក្រោមទទឹង ២៥.៣ម៉ែត្រ. បណ្តោយ ៣៥,៣ ម៉ែត្រ. កំពស់ ០,៩ ម៉ែត្រ តួវិហារទទឹង ១១,៦ ម៉ែត្រ បណ្តោយ ២២,២ ម៉ែត្រ កំពស់ខឿន ១,៣ ម៉ែត្រ. កំពស់វិហារសរុប ២១ ម៉ែត្រ. គ្រោងចំណាយថវិកា ២២ ម៉ឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដឹកនាំការសាងសង់ដោយ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ហេង ពៅ ។
ឯកឧត្តមរដ្ឋមន្រ្តី វង សូត និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់បងប្អូនកម្មករ និងបច្ច័យជូនគណកម្មការវត្តពពេល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ ៕ សុខ ផន