ពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងអប់រំយុវជន និងកីឡា និងក្រុមហ៊ុនឌីអឹមជី ម៉ូរីសជប៉ុន នាំយកបច្ចេកវិទ្យា ទំនើបគាំទ្រដល់ឧស្សាហកម្មនៅកម្ពុជា!
ពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងអប់រំយុវជន និងកីឡា និងក្រុមហ៊ុនឌីអឹមជី ម៉ូរីសជប៉ុន (DMG Mori)នៃប្រទេសជប៉ុន ដើម្បីនាំយកបច្ចេកវិទ្យាទំនើបគាំទ្រដល់ឧស្សាហកម្មនៅកម្ពុជា បានប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉ាហ្វល ហ្គ្រេន ក្រុងសៀមរាប ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ដំណើរការមជ្ឈមណ្ឌលឌីជីថលកម្ពុជា-ជប៉ុន ដែលគម្រោងនេះនឹងនាំយកនូវឧបករណ៍ និងបច្ចេកវិទ្យាដ៏ទំនើបជាងគេក្នុងចំណោមបណ្ដាប្រទេសនៃតំបន់អាស៊ាន ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននិងគ្រោងដាក់ដំណើរការនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលខាងមុខ។ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត អ៊ុ រម្យនី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថាគម្រោងនេះ មានការចូលរួមជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសជប៉ុន និងអាឡឺម៉ង់ ដែលស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនៃប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ឧបករណ៍ដ៏ទំនើបហៅកាត់ថា CNC ដែលមានតម្លៃប្រមាណ ៣.៥លានដុល្លារនេះ វាអាចបោះពុម្ពសម្ភារៈ គ្រឿងបន្លាស់ផ្សេងៗពីលោហៈធាតុ និងសមត្ថភាពដ៏អស្ចារ្យជាច្រើនទៀត។ ក្នុងនោះ ក្រុមហ៊ុនធំៗចំនួន ២ ដែលកំពុងប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺ មីនីបៀ(Minebea) និងដិនសូ(Denso) បាននិងកំពុងសហការជាមួយគម្រោងនេះ តាមគោលនយោបាយឈ្នះឈ្នះ។ ជាគោលដៅក្រោយទទួលការបណ្ដុះបណ្ដាលពីអ្នកជំនាញជប៉ុន សកលវិទ្យា
ល័យភូមិន្ទភ្នំពេញ នឹងធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជននានា ដើម្បីផលិតសម្ភារៈ ដែលជាតម្រូវទៅតាមវិស័យនីមួយៗក្នុងប្រទេស និងជាពិសេសការទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសផ្សេងៗមកកាន់កម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ុ រម្យនី ក៏បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនឌីអឹមឌី ម៉ូរី និង ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន ដែលបានជួយជ្រោមជ្រែង និងចាប់ផ្ដើមគម្រោងនេះ ជាពិសេស ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត នៃប្រទេសជប៉ុន ប្រចាំកម្ពុជា តែងតែជួយសម្របសម្រួលលើគម្រោងនេះ រហូតដល់ចេញជារូបរាង និងសង្ឃឹមថាដាក់ឱ្យសម្ពោធឱ្យដំណើរនាពេលឆាប់ៗដ៏ខ្លីខាងមុខ៕