លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការអនុវត្តគោលការណ៍ ទីក្រុងគ្មានផ្សែងបារីតាមវត្តអារាម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

កំពង់ចាម

លោក ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគោលការណ៍ទីក្រុងគ្មានផ្សែងបារីខេត្តកំពង់ចាម ។

ដោយពិនិត្យមើលការដាក់ស្លាកសញ្ញាហាមជក់បារីនៅក្នុងវត្តចំនួន ៤ ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ នារសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ ។

ជាលទ្ធផល មានវត្ត ១ នៅឃុំផ្អាវ ស្រុកបាធាយ មានស្លាកហាមជក់បារី រីឯ វត្តចំនួន ៣ ទៀតមិនទាន់មាននៅឡើយទេ ។

លោកអភិបាលរងខេត្ត បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យមណ្ឌលសុខភាពផ្អាវ ស្រុកបាធាយ អំពីការផ្តល់សេវាសាធារណៈ ក្នុងនោះសង្កេតឃើញថា បរិស្ថានទីធ្លាមណ្ឌលសុខភាពស្អាត មានសណ្តាប់ធ្នាប់ល្អ ការរៀបចំលំហូរផ្តល់សេវាល្អ ការរៀបចំសម្ភារៈបរិក្ខា អាចទទួលយកបាន មានគ្រូពេទ្យប្រចាំការ និងស្ត្រីម្នាក់ដែលទើបសម្រាលកូនរួច នៅទីនោះនិយាយថា សេវានៅមណ្ឌលនេះល្អ បងប្អូនសាច់ញាត់គាត់ ចូលចិត្តមកទទួលសេវា នៅមណ្ឌលនេះ ។

ក្នុងនោះផងដែរ ក្រុមការងារបានចុះសួរសុខទុក្ខ ជនមានពិការភាពចំនួន ២ នាក់ ម្នាក់ជាស្ត្រីកម្សោយជើងម្ខាង មានមុខរបរជាកសិករដាំបន្លែ ធ្វើស្រែ និងម្នាក់ទៀតឈ្មោះ មាន មី កម្សោយជើងសងខាង ជាជាងជួសជុលម៉ូតូ នៅឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលពួកគាត់ទាំងពីរនាក់ រីករាយនឹងការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត ស្រុក និងអាជ្ញាធរឃុំផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង