អភិបាលខេត្តត្បូងឃ្មុំ៖ កងកម្លាំងគ្រប់ប្រភេទត្រូវតែបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទឲ្យអស់ចេញពីមូលដ្ឋាន!
(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធសហការឲ្យជិតស្និទ្ ធជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព គឺរួមគ្នាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសនានាក្នុងមូលដ្ឋាន ដើម្បីមានសន្តិសុខល្អ ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ថ្លែងបែបនេះក្នុងឳកាសអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយសេចក្តីណែនាំស្តីពីបែបបទ នីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាល ឃុំ-សង្កាត់ ដោយមានអ្នកចូលរួមចំនួន២៤២នាក់ មកពីបណ្តា ឃុំសង្កាត់ក្នុងខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសង្កត់ធ្ងន់ថា៖ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ កងកម្លាំងគ្រប់ប្រភេទសូមបន្តអនុវត្ត ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានអោយបាន ល្អប្រសើរ ត្រូវធ្វើអោយជាប់ដូចភ្លៀងរលឹម ស្រមតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចតេជោ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ដែលអាចគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរ និងបានបើកប្រទេស ឡើងវិញមុនគេ។ ប្រការនេះបានធ្វើឱ្យសេដ្ឋកិច្ចជាតិបានងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានស្នើសុំយ៉ាងទទូចធ្វើយ៉ាងណាត្រូវបន្តពង្រឹងការការពារ ជាចំណុចអាទិភាព ដើម្បីភាពរស់នៅភាព សុខសាន្ត របស់ប្រជាពលរដ្ឋតាមរយៈភូមិ ឃុំ មានសុវត្ថិភាព និងបន្តផ្តោតលើសុខភាព សុខមាលភាពប្រជាជន តាមរយៈការបន្តទប់ស្កាត់ និងគ្រប់គ្រងសភាពការណ៍កូវីដ-១៩ នៅកម្ពុជា មិនឱ្យវិលត្រឡប់ថយក្រោយ ៕