ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាំយកទេយ្យទាន និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា បិណ្ឌទី១០ នៅវត្តប្រជុំអង្គ ក្រុងស្វាយរៀង

(ខេត្ដស្វាយរៀង)៖ ឯកឧត្តម ឌិន សុីវុទ្ធី ប្រធានសាលាដំបូងខេត្ដស្វាយរៀង និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២២ បាននាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួនទៅវេប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា នៅវត្តប្រជុំអង្គ ស្ថិតនៅក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។

ថ្ងៃនេះ ជាថ្ងៃកាន់បិណ្ឌវេនទី១០ នេះបើតាមទំនៀមទំលាប់ ដែលប្រជាពុទ្ធបរិស័ទខ្មែរយើងបានប្រារពធ្វើជារៀងរាល់ឆ្នាំ តាមបែបគន្លង ព្រះពុទ្ធសាសនា ដើម្បីនាំយកនូវចង្ហាន់បិណ្ឌបាត្រ ទេយ្យទាន និងបច្ច័យផងនោះ ទៅប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅក្នុងទីអារាមនៃវត្តនីមួយៗ ដើម្បីឧទ្ទិសមហាកុសល ផលបុណ្យជូនទៅបុព្វការីជនមាន៖ មាតា បិតា ជីដូន ជីតា គ្រូអាចារ្យ វរៈជនស្នេហាជាតិ និងក្រុមញ្ញាតិ ដែលបានចែកឋានទៅ ព្រមទាំងសន្សំបុណ្យកុសល ដើម្បីខ្លួនឯង កូនចៅ និងប្រទេសជាតិ ឱ្យបានជួបនូវសេចក្តីសប្បាយជារៀងដរាបទៅ។

សូមជម្រាបជូនថា ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ ដែលប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាបុណ្យធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈ១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ្រ។ ពីថ្ងៃ០១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌឬ ភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។

ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ មិនដែលខកខាន តាំងពីបុរាណកាលមក ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ មិនត្រូវរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យអនុញ្ញាតឲ្យប្រារព្ធធ្វើឡើយ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។ ក្រោយថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ប្រទេសជាតិត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាគ្រប់សាសនាទាំងអស់បានរស់រានឡើងវិញក្រៅពីធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ថែមទៀតនោះគឺប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការគោរពប្រណិបត្តិទៅតាមជំនឿសាសនារៀងៗខ្លួនរហូតដល់ ពេលបច្ចុប្បន្ន៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង