ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបិរស្ថានបានលើកឡើងថា៖ សហគមន៍យើងនីមួយៗ គួរមានស្បៀងអាហារហូបគ្រប់គ្រាន់ជីវភាពកាន់តែល្អប្រសើរ!

”សហគមន៍យើងនីមួយៗគួរមានស្បៀងអាហារហូបគ្រប់គ្រាន់ជីវភាពកាន់តែល្អប្រសើរ” នេះជាកត្តាសំខាន់ក្នុងការពារធនធានធម្មជាតិ» នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ មន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមជាអធិបតីភាពនៃការដាំស្ដារព្រៃឈើ ក្លូនរុក្ខជាតិ រៀបចំថ្នាលបណ្ដុះកូនឈើ និងការពិនិត្យការចិញ្ចឹមពូជសត្វក្របី នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគីរី ។  យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា វត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីនៅថ្ងៃនោះ ធ្វើឡើងដើម្បីថ្លែងនូវការដឹងគុណ និង កោតសរសើរដល់មន្ត្រីឧទ្យានុរក្ស និង ប្រជាសហគមន៍ ដែលជាទ័ពស្រួច បានលះបង់កម្លាំងកាយ-ចិត្ត ពេលវេលា ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ ការដាំស្តារ និងក្លូនរុក្ខជាតិអាកាស្សានេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ជាការរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដើម្បីបំពេញនូវសេចក្តីត្រូវការចំពោះមុខ បន្ថយសម្ពាធលើការប្រើប្រាស់ សម្ភារសំណង់ និងគ្រឿងសង្ហារឹមដែលធ្វើពីឈើធម្មជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការនៅក្នុងវិស័យឧស្សាហកម្មផងដែរ។ គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំផែនការ ដាំស្ដារព្រៃឈើចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើនគម្របដីព្រៃឲ្យបានប្រសើរឡើង និងផ្តល់ជូនមន្ត្រីឧទ្យានុរក្សនូវចំណេះដឹង បទពិសោធន៍ក្នុងការធ្វើក្លូនរុក្ខជាតិ ក៏ដូចជាបច្ចេកទេសដាំដុះ និងថែទាំចម្ការឈើដាំ ព្រមទាំងការផ្សព្វផ្សាយឲ្យបានទូលំទូលាយចំណេះដឹង បច្ចេកទេស និងឱកាសការងារជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ។ ប្រភេទក្លូនឈើដែលដាំដុះពេលនេះជាប្រភេទឈើអាកាស្យា ចំនួន ១ម៉ឺនដើម ដាំនៅលើផ្ទៃដីទំហំ ៦,៥ ហិកតា និងបានបណ្តុះកូនអាកាស្យា ទុកសម្រាប់ធ្វើពូជចំនួន ៧.០០០ ដើម និងកូនអាកាស្យាចំនួន ១៧០០០ដើម ត្រូវបានដាំរួចរាល់ លើផ្ទៃដី ០៨ ហិកតា និងព្រួសពូជស្មៅចំនីសត្វលើផ្ទៃដីទំហំ ៦ ហិកតា សម្រាប់ជាចំណីរបស់សត្វក្របីចំនួន ៦០ ក្បាល ដែលទទួលបានពីក្រសួងបរិស្ថាន ក្នុងនោះបានយកទៅចិញ្ចឹមនៅស្នាក់ការកែររពៅ ចំនួន ១០ក្បាល និងនៅស្នាក់ការខ្ទង់ចំនួន ៥០ ក្បាល ហើយបច្ចុប្បន្នកើនបានចំនួន២ក្បាលបន្ថែម៕

 

 

អត្ថបទដែលជាប់ទាក់ទង