ប្រធានទីភ្នាក់ងារ AFD បានពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មលើចំណុចសំខាន់ចំនួន២ គឺគម្រោងការអភិវឌ្ឍវារីវប្បកម្មទឹកប្រៃ និងជម្រុញ ដំណាំកៅស៊ូឆ្នាំ២០២៣!

ក្នុងជំនួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយនឹង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកនាយក Jean Pierre Marcelli បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការី ដែលកន្លងមកបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជាមួយទីភ្នាក់ងារ AFD សម្រេចទទួលបានលទ្ធផលគួរជាទីមោទន។ ជំនួបនារសៀលថ្ងៃនេះ លោកនាយក ក៏បានបង្ហាញអំពីទស្សនផ្ទាល់ខ្លួនពីការពិនិត្យ និងវាយតម្លៃលើសមិទ្ធផលកន្លងមកដែលភាគីទាំងពីរបានសហការរួមគ្នាអនុវត្ត និងសិក្សាស្វែងយល់បន្ថែមអំពីសេចក្តីត្រូវការចាំបាច់នាពេលបច្ចុប្បន្ននៃវិស័យកសិកម្មបន្ទាប់ពីមានវិបត្តិជំងឺកូវីដ ១៩ ជាមួយគ្នានេះដែល ក៏ពិនិត្យមើលគម្រោងអាទិភាពសំខាន់ៗមួយចំនួនសម្រាប់អនុស័យនីមួយៗដែលត្រូវការចាំបាច់ និងចង់ឲ្យ AFD ជួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែម ទៀត។ លោកនាយក បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា AFD មានគម្រោងពីរដែលនឹងជួយដល់ក្រសួងកសិកម្មគឺ ទី១- គម្រោងការអភិវឌ្ឍវារីវប្បកម្មទឹកប្រៃ និងការគ្រប់គ្រងតំបន់ឆ្នេរប្រកបដោយ និរន្តភាព(Sustainable Coastal and Marine Fisheries) ដែលគ្រោងនឹងអនុមតិនៅចុងឆ្នាំនេះ និងទី២- គម្រោង RAD4CAM ទាក់ទងនិងដំណាំកៅស៊ូ និងផលិតកម្មពោតដែលនឹងអនុមតិនៅឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរ និងស្វាគមន៍ចំពោះលោកស្រីនាយកទីភ្នាក់ងារ AFD ដែលទើបបានតែងតាំងថ្មី និងថ្លែងអំណរគុណជូនចំពោះ AFD ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា រួមទាំងវិស័យកសិកម្មផងដែរ។ បច្ចុប្បន្ន វិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងធានាសន្តិសុខស្បៀង។ ឯកឧត្តមក៏បានជម្រាបជូនភ្ញៀវផងដែរអំពី ដំណើរការវិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាពីដំណាក់កាលមួយមកដំណាក់កាលមួយ រហូតមកទល់បច្ចុប្បន្នដែលបានក្លាយជាប្រទេស មានសន្តិសុខស្បៀង និងការនាំចេញផលិផលកសិកម្ម ជាពិសេសស្រូវនិងអង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ចេក ស្វាយ កៅស៊ូ ។ល។ ទោះជាយ៉ាងណា វិស័យកសិកម្មកម្ពុជាត្រូវការកិច្ចសហការចាំបាច់ពីដៃគូអភិវឌ្ឍ និងវិស័យឯកជនក្នុងការវិនិយោគលើខ្សែច្រវាក់ផលិតកម្មកែច្នៃស្របតាមលក្ខខណ្ឌតម្រូវពីប្រទេសបញ្ជាទិញ ដែលទាមទារនូវការគាំទ្រទុននិងបច្ចេវិទ្យាទំនើប។ល។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យ AFD ពិនិត្យពិចារណាលើការលើកគម្រោងចាំបាច់ដែលទាក់ទងទៅដល់ការលើកកម្ពស់ខ្យែច្រវ៉ាក់ផលិតកម្មកសិកម្មរួមទាំង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ បម្រើដល់ការផលិតនិងការកែច្នៃដែលជាតម្លៃតម្លៃបន្ថែម ដែលមានលក្ខណប្រទាក់ក្រឡាគ្នា ដែលទាមទារចាំបាច់អនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបព្រមទាំងខ្សែច្រវ៉ាក់ផលិតកម្ម និងការកែច្នៃ ហើយករណីនេះយើងត្រូវមានការគាំទ្រ ជំនួយឧបត្ថម្ភ និងកិច្ចសហការពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនរួមទាំងការផ្តល់ឥណទានដែលមានការប្រាក់ទាបសម្រាប់វិស័យឯកជន។ ចំពោះគម្រោងទាំងពីរដែលបានលើកឡើងខាងលើ លោកនាយក AFD ប្រចាំតំបន់និងឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពគ្នាក្នុងការជំរុញ និងគាំទ្រគម្រោងនេះឲ្យទទួលបានការអនុវត្តបានពេញលេញនៅបំណាច់ឆ្នាំ២០២២ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង