សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីលើកឡើងនូវចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៦ តាមរយៈប្រព័ន្ធវីដេអូនិម្មិត!

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃរាជរដ្ឋាភិបាលម្ពុជា និង ក្នុងនាមជាប្រធានប្ដូរវេន បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings)តាមរយៈប្រព័ន្ធវីដេអូ នាទីស្ដីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងថាជាក់ស្តែង ខណៈពេលដែលយើងកំពុងខិតខំស្តារឡើងវិញនូវសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ យើងក៏កត់សម្គាល់ឃើញនូវបញ្ហាប្រឈមជាសកលបន្តកើតមានឥតឈប់ឈរជាអាទិ៍គ្រោះមហន្តរាយធម្មជាតិ វិបត្តិនៃជម្លោះសង្គ្រាមប្រដាប់អាវុធ បញ្ហាបម្រែបម្រួលអាកាសធាតុវិបត្តិថាមពល និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងសព្វាវុធជាដើម ។ ក្នុងនោះដែរ យើងក៏ពិនិត្យឃើញថា ឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ ក៏មិនមានការថមថយនោះទេ. ហើយក្រៅពីបទល្មើសប្រពៃណី យើងក៏ពិនិត្យឃើញថា ការគំរាមកំហែងដោយបទល្មើសមិនប្រពៃណីក៏មានការកើនឡើងយ៉ាងគំហុក ជាពិសេសការឆ្លៀតកេងប្រយោជន៍ពីបច្ចេកវិទ្យា យកមកប្រើប្រាស់ជាមធ្យោបាយ ប្រព្រឹត្តបទល្មើសក្នុងទម្រង់ផ្សេងៗ ដូចជាអំពើជ្រុលនិយមដែលនាំទៅរកសកម្មភាព ភេរវកម្ម អំពើជួញដូរ និងរត់ពន្ធមនុស្ស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទូរគមនាគមន៍ ការជួញដូរគ្រឿងញៀន និងការសម្អាតប្រាក់ជាដើម ។ ថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានសង្ឃឹមជឿជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួល បន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី ១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាឱកាសនេះ នឹង ដើរតួជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ផ្លាស់ប្ដូរ និងចែករំលែកទៅវិញទៅមកនូវព័ត៌មានក៏ដូចជាបទពិសោធន៍ថ្មីៗ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបុព្វហេតុ នៃសន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព ភាពសុខដុមរមនា និងការអភិវឌ្ឍ សម្រាប់តំបន់អាស៊ានទាំងមូល។ ដោយឡែកនៅរសៀលថ្ងៃដដែលនោះដែរ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជាបានទទួលជួបលោក OKUBOHIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់ (CIEFF) ចូលជួបពិភាក្សាការងារនិងសម្តែងការគួរសមនាវិមានរដ្ឋសភាជាតិ។ លោក OKUBO HIDEO.បានជម្រាបជូនសម្ដេចថា ជំនួបនេះលោកមានគោលបំណងពីរ គឺទីមួយសម្ដែងនូវក្ដីនឹករលឹកដ្បិតលោកខកខានជួបសម្ដេចក្រឡា ហោមប្រមាណ៥ឆ្នាំមកហើយ ហើយគោលបំណងទីពីរគឺស្នើសុំការគាំទ្រពី សម្ដេចក្រឡាហោមសម្រាប់ការបន្តអនុស្សរណៈនៃការយោគយល់គ្នារយៈពេល១០ឆ្នាំបន្តទៀត រវាងក្រុមហ៊ុន E-Security Service (ESS) ជាមួយក្រសួងមហាផ្ទៃ ដែលក្រុមហ៊ុននេះជាផ្នែកមួយនៃមូលនិធិ CIEFF ។ លោកបានលើកឡើងបន្តទៀតថា នៅក្នុង MOU នេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានទទួល ក្រុមហ៊ុន ESS ធ្វើជាដៃគូផ្ដល់សេវាកម្មព័ត៌មានសន្តិសុខនៅកម្ពុជា ហើយ ដែល MOU នេះនឹងត្រូវផុតកំណត់នៅកំឡុងខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ ។ លោកបានថ្លែងអំណរគុណក្រសួងមហាផ្ទៃ ដែលបានគាំទ្រដល់ ការអនុវត្ត MOU កន្លងមកនិងស្នើបន្តកិច្ចសហប្រតិបត្តិការMOU នេះរយៈពេល១០ឆ្នាំបន្តទៀត។ក្នុងឱកាសនោះដែរ លោក OKUBO HIDEO ក៏បានជម្រាបជូនសម្ដេចក្រ ឡា ហោម ដោយសង្ខេបនូវវឌ្ឍនភាពការងាររបស់ ESS ក្នុងរយៈ ពេល ១០ ឆ្នាំ នៅ កម្ពុជា ដោយគិតមកដល់ពេលនេះ ក្រុមហ៊ុនបានចុះកុងត្រាជាមួយ ក្រុមហ៊ុនចំនួន ១.៣០៥ ក្រុមហ៊ុន ក្នុងការផ្ដល់សេវាកម្មព័ត៌មានសន្តិសុខ ពេញ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍ជាពិសេសមានអតិថិជនច្រើននៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តមួយចំនួនទៀត៕

 

អត្ថបទដែលជាប់ទាក់ទង