ពិធីជូនដំណើរនិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន១៩រូបទៅសិក្សានៅប្រទេសជប៉ុន!
យោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជាបានឲ្យដឹងថា ឯកឧត្តមឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានរៀបចំពិធី ជូនដំណើរនិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុនថ្មីចំនួន១៩រូប សម្រាប់អាហារូបករណ៍៤ប្រភេទរបស់រដ្ឋាភិបាលជប៉ុនឆ្នាំ២០២២ ដែលក្នុងនោះរួមាន “កម្មវិធីអ្នកដឹកនាំវ័យក្មេង” “ថ្នាក់ក្រោយឧត្តមសិក្សា” “ថ្នាក់បណ្តុះបណ្តាលគ្រូបង្រៀន” និង “កម្មវិធីអប់រំសិស្សភាសាជប៉ុន” មុនពេលពួកគេចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន។ រដ្ឋលេខាធិការជាតំណាងពីក្រសួងពាក់ព័ន្ធ ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល រួមជាមួយប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន ក៏បានអញ្ជើញចូលរួមក្នុងពិធីដើម្បីអបអរសាទរការចេញដំណើរទៅសិក្សារបស់និស្សិតអាហារូបករណ៍ថ្មីទាំង១៩រូបនេះផងដែរ។ លើសពីនេះ ឯកឧត្តមឯកអគ្គរាជទូត មិកាមិ ក៏បានអបអរសាទរដល់អតីតនិស្សិតនៃកម្មវិធីអ្នកដឹកនាំវ័យក្មេង ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទើបតែត្រឡប់មកកម្ពុជាវិញ។
យើងសូមជូនពរ និស្សិតដែលនឹងចាកចេញទៅប្រទេសជប៉ុនក្នុងពេលដ៏ខ្លីខាងមុខនេះ ឱ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដោយរីករាយ និងទទួលបានជោគជ័យលើការសិក្សា៕