ផ្ទះប្រជាពលរដ្ឋចំនួន ៥ ខ្នងកំពង់តែរើចេញពីការប្រឈម នៃការបាក់ស្រុតច្រាំងចូលទៅក្នុងទឹកទន្លេមេគង្គ
ត្បូងឃ្មុំ : ក្រោមការចង្អលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ និងលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ ដឹកនាំកម្លាំងនគរបាលស្នងការដ្ឋានខេត្ត និងកម្លាំងអធិការដ្ឋានស្រុកត្បូងឃ្មុំ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ដែលប្រឈមនៃការបាក់ស្រុតច្រាំង ចូលទៅក្នុងទឹកទន្លេមេគង្គ នាព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២២ ។
លោក ទួន ឆៃលឹម មេឃុំជីរោទ៍ទី ១ បានឲ្យដឹងថា ហេតុការណ៍នៃការបាក់ស្រុតច្រាំងចូលទៅក្នុងទឹកទន្លេនេះ បានកើតឡើងកាលពីវេលាម៉ោង ១៨ ល្ងាចម្ដង និងម៉ោង ១៩ លា្ងចថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ ។
លោកមេឃុំបន្តថា ផ្ទះប្រជាពលរដ្ឋដែលប្រឈមខ្លាំងមានចំនួន ៥ ខ្នងផ្ទះ ចំពោះច្រាំងទន្លេដែលបានបាក់ស្រុតចូលទៅក្នុងទឹកទន្លេនោះមាន ទទឹងប្រវែង ១៥ ម៉ែត្រ បណ្ដោយប្រវែង ៦០ ម៉ែត្រ ។
ប្រជាពលរដ្ឋនៅក្នុងភូមិរការធំ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពុជាយើង ជួយយកបេច្រកខ្សាច់ទប់ច្រាំងទន្លេ ដូចការទប់ច្រាំងទន្លេនៅវត្តរការធំ ដើម្បីកុំឲ្យបាត់បងដីលំនៅដ្ឋាន និងដីប្រកបរបរកសិកម្ម របស់ពួកគាត់ផង ៕