សម្តេចតេជោនាយករដ្ឋមន្រ្តីព្រះរាជណាចក្រកម្ពុជា និង ប្រធានរដ្ឋវៀតណាមជួបសំណេះសំណាលគ្នា នៅទីក្រុងតូក្យូក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរចូលរួមពិធីបុណ្យសពថ្នាក់ជាតិអតីត នាយករដ្ឋមន្រ្តីជប៉ុន!!

ស្ថិតក្នុងដំណើរចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ វត្តមានរបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និង ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាមបានអញ្ជើញទទួលទានអាហាររួមគ្នា សំណេះ សំណាល និង ពិភាក្សាការងារ ។ នៅក្នុងពិធីទទួលទានអាហារនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់និងកោតសរសើរចំពោះភាព រីកចំរើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ។ សម្តេចតេជោមានប្រសាសន៍ជំរាបជូនឯកឧត្តមប្រធានរដ្ឋវៀតណាមពីវត្តមានរបស់សម្តេចអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៧ និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណាសាធារណរដ្ឋគុយបា។ ជាមួយគ្នានេះ សម្តេចបានជំរាបជូនឯកឧត្តមប្រធានរដ្ឋវៀតណាម ពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើន ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាមមានប្រសាសន៍សំដែងនូវការរីករាយដោយ បានជួយសម្តេចតេជោ សាជាថ្មីម្តងទៀតនៅលើទឹកដីនៃប្រទេសជប៉ុន។ ឯកឧត្តមបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ញាញាណ នៃការដឹកនាំរបស់សម្តេចតេជោដែលបានស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា មានការរីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តមប្រធានរដ្ឋ ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានរួមគ្នាដោះស្រាយលើការងារធំៗជាច្រើនដែលបម្រ្យឧត្តមប្រយោជន៍ នៃប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-វៀតណាម ពិសេសកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីមានការកើនឡើងខ្ពស់បើទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក្តី។មេដឹក នាំទាំងពីរក៏បាន ឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារ មួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការធ្វើជាប្រធានអាស៊ាន ដើម្បីបម្រើផលប្រយោជន៍តំបន់របស់យើង។ ឯកឧត្តមប្រធានរដ្ឋបានបង្ហាញនូវអនុស្សាវរីយ៍ជាច្រើនដែលធ្លាប់បានធ្វើការជាមួយសម្តេច ក្នុងពេលដែលឯកឧត្តម ធ្វើជានាយករដ្ឋមន្រ្តីវៀតណាម។ ឯកឧត្តមប្រធានរដ្ឋ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគីស បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង