សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា!
ក្នុងនាមជាអ្នកតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនចិនដែលតែងតែ បានផ្ដល់នូវការគាំទ្រជាជំនួយផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមចំណែកយ៉ាងសំខាន់ធ្វើឱ្យកម្ពុជាអាចសម្រេចបាន លទ្ធផលល្អប្រសើរក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះរហូតធ្វើឱ្យដំណើរការសកម្មភាពសង្គមនានាត្រូវបានបើកឡើងវិញ រហូតដល់បច្ចុប្បន្ន។ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្តល់នូវក្តីសង្ឃឹមជឿជាក់ថាទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តរីកចម្រើនលូតលាស់ថែមទៀតតទៅអនាគត។ជាការឆ្លើយតបឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានជម្រាបជូនសម្ដេចនូវសេចក្ដីផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងសន្តិសុខសាធារណចិនជូនចំពោះ សម្ដេច ព្រមទាំងបានថ្លែងអំណរគុណរនិងអបអរសាទរលទ្ធផលកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងសន្តិសុខសាធារណ ចិន។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃនៅក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដើម្បីបម្រើដល់ផលប្រយោជន៍ រួមទៅវិញទៅមកសម្រាប់ប្រជាជនប្រទេសទាំងពីរកម្ពុជា-ចិន។ សម្ដេចក្រឡាហោម បានបន្ថែមថា ដើម្បីជំរុញដល់ ដំណើរការប្រតិបត្តិការនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបង្កើតយន្តការសំខាន់ៗរួមមានការបង្កើត ក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បប់ ក្រុមការងារប្រតិបត្តិការអង្កេត និងស្រាវជ្រាវនិងក្រុមការងារ ត្រួតពិនិត្យក្រុមពលករហត្ថពលម្មបរទេសនៅកម្ពុជាផងដែរ។ សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើភាគីចិនបន្តគាំទ្រការងារនេះ តាមរយៈ ការស្រាវជ្រាវ ស៊ើបង្កេត និងបង្ក្រាបមេក្លោងនៅក្នុងប្រទេសសាម៉ីដែលពួកគេមានបណ្ដាញទំនាក់ទំនងប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ ហើយកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបពួកឧក្រិដ្ឋជនទាំងនោះដែលមាននៅក្នុង ប្រទេសកម្ពុជា។ ឯកឧត្តម វ៉ាង វិនធាន ក៏បានជម្រាបជូនផងដែរថា ស្ថានទូតចិនបានធ្វើការងារនេះដោយបន្តជំរុញការផ្សព្វផ្សាយ អំពីព័ត៌មានទាំងនេះទៅដល់បណ្ដាញផ្សព្វផ្សាយក៏ដូចជាសាធារណជននានាឱ្យ បានដឹងពីមធ្យោបាយ និងព័ត៌មានមកខាងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាតាមរយៈគេហទំព័រហ្វេសប៊ុក ឬ ប្រព័ន្ធទូរស័ព្ទ Hot Line ដែលបានផ្សព្វផ្សាយកន្លងមក។ឯកឧត្តមបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរកម្ពុជាដែលបានធ្វើកិច្ចអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋចិនរងគ្រោះ ក្នុងករណីកន្លងមកនិងសូមអរអបសាទរចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ហើយឯកឧត្តមក៏ត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការ និងសំណូមពរផ្សេងៗរបស់ភាគីកម្ពុជាដើម្បីរួមគ្នា ប្រយុទ្ធប្រឆាំងបទល្មើស ក៏ដូចជាជនល្មើសដែលពាក់ព័ន្ធផងដែរ៕