សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបគណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អនៃព្រឹទ្ធសភាថៃ!
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូគណៈកម្មការស៊ើបអង្កេត អំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍ ដឹកនាំដោយឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈកម្មការ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល គណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី ការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅ ព្រះរាជាណាចក្រកម្ពុជា។ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាឱកាសនេះ ពិតជានឹងរួមចំណែកដ៏សំខាន់ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ ក្នុងឱកាសនោះ ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលដ៏មានតម្លៃទទួលស្វាគមន៍ គណៈប្រតិភូយ៉ាងកក់ក្តៅនាពេលនេះ។ ឧត្តមនាវីឯកបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ ស្វែងយល់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងនៃប្រទេសទាំងពីរ ឲ្យរឹតតែជិតស្និតបន្ថែមទៀត។ ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ មានគោលបំណងដើម្បីសិក្សាឈ្វេងយល់អំពីការងារប្រឆាំងអំពើពុករលួយ។ ឧត្តមនាវីឯក សង្ឃឹមថា សភានៃប្រទេសទាំងពីរនឹងមាន កិច្ចសហប្រតិបតិ្តការជាមួយគ្នាទៅលើវិស័យនេះ។ ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានគូសបញ្ជក់ថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏ មានព្រំប្រទល់ជាប់គ្នា ប្រជាជនមានទំនាក់ទំនងយ៉ាងជិតស្និត មានវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីស្រដៀងគ្នា ជាពិសេសប្រជាជនរស់នៅតាមបណ្តោយព្រំដែនតែងតែងមានការពឹកពាក់យកសារគ្នាទៅវិញទៅមក តាំងពីយូលង់ណាស់មកហើយ។ ជាមួយគ្នានេះ ប្រទេសទាំងពីរជាប្រទេសសមាជិកអាស៊ាន ដែលមានទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យ ប្រៀបដូចគ្រួសារតែមួយ។ ក្នុងនោះ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានដើរតួជាយន្តការដ៏សំខាន់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ ដើម្បីនាំមកនូវសន្តិសុខ ជូនប្រទេសជាតិ ដែលជាប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុត េះចំពោះប្រទេសទាំងពីរ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍ បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការចាប់តាំងពីឆ្នាំ១៩៥០ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះគឺមានរយៈពេល ៧២ឆ្នាំមកហើយ។ សម្តេចបានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញនូវទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ- ការនៃប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។ ការរីកចម្រើននេះស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និង មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ៕