សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញជាអធិបតីក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ក្រោមប្រធានបទ”កុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស”
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ វេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្សលើកទី៦ក្រោមប្រធានបទ”កុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស”។ ពិធីដ៏មានអត្ថន័យនោះមានការអញ្ជើញចូលរួមពី សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័ន របស់ព្រះរាជាណាជក្រកម្ពុជា ឯកឧត្តម លោកជំទាវជាឥស្សរជនការទូត និងតំណាងផ្នែកពាក់ព័ន្ធជាច្រើនរូប។ ជាកិច្ចចាប់ផ្តើមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស មានប្រសាសន៍ថា វេទិកាអន្តរសាសនាលើកទី៦ ឆ្នាំ២០២២ មានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សនៅកម្ពុជា ប្រមាណ ១,៥០០អង្គ/នាក់។ សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា រយៈពេលចាប់ផ្តើមកិច្ចប្រតិបត្តិការ ក្នុងខែសីហា មកដល់ពេលនេះ សមត្ថកិច្ចបានរកឃើញបានជិត ៣០០ករណី និងសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុស្សដែលបានទទួលរងនូវទណ្ឌកម្ម ការបិទសិទ្ធិសេរីភាព និងការកេងប្រវ័ញ្ចកម្លាំងពលកម្មរាប់ រយនាក់និងបានសង្គ្រោះមនុស្សចេញពីទីតាំងអាថ៌កំបាំងទាំងនោះជាច្រើននាក់ប ន្ថែមទៀតព្រមទាំងមានវិធានការបិទទីតាំងប្រព្រឹត្តបទល្មើសជាច្រើនកន្លែង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាទោះបីបច្ចុប្បន្នប្រទេសកម្ពុជា ត្រូវបានចាត់ក្នុងចំណោមប្រទេសគួរព្រួយបារម្ភ ហើយបាន និងកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែសម្តេចក៏បានលើកឡើងដែរថា ការជួញដូរមនុស្ស គឺមិនមែនមានតែប្រទេសកម្ពុជាទេ។សម្តេចបានមានប្រសាសន៍ថាឥឡូវនេះ រាជរដ្ឋាភិបាលក៏ត្រូវការចូលរួមពីគ្រប់សាសនាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានវាយតម្លៃថា ប្រសិនបើគ្មានការបកស្រាយច្បាស់លាស់ទេ ប្រទេសរបស់យើងគេអាចបកស្រាយអាក្រក់បំផុតនៅលើពិភពលោក។ នៅថ្ងៃនេះ សម្តេចតេជោបានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយត្រូវស្រាវជ្រាវយកជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ជាពិសេសត្រូវមានការត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសល ទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការច្បាប់ ជាពិសេសកុំឱ្យកូនចៅរបស់យើងក្លាយជាអ្នករងគ្រោះដោយសារតែអំពើខុសច្បាប់ទាំងអស់នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ។ សម្តេចតេជោមានប្រសាសន៍ប្រកបដោយមោទនភាពចំពោះភាពសុខដុមរមនានៃជំនឿសាសនានៅកម្ពុជាពោលគឺគ្រប់សាសនាទាំងអស់នៅកម្ពុជា បានផ្តល់នូវភាពអនុគ្រោះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក មិនប្រកាន់តឹង ដែលជាផ្នែកមួយ នៃការបំពេញបន្ថែមឲ្យគ្នាទៅមិនទៅមក។ សម្តេចតេជោបន្តថា អាស្រ័យដោយកត្តាសន្តិភាពនេះហើយ ដែលជំរុញឲ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា រស់នៅជាមួយគ្នា ដោយសន្តិភាព និងសុខដុមរមនា៕