ក្រសួងធនធានទឹក និង ឧត្តុនិយមជូនជូនដំណឹងជាសាធារណៈស្ដីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដោយសារឥទ្ធិពលព្យុះ NORU

នៅថ្ងៃនេះក្រសួងធនធានទឹក និង ឧត្តុនិយមកម្ពុជាបានចេញសេចក្តីជូនដំណឹងលេខ១២១ ស.ជ.ណ ស្តីអំពីស្ថានភាពទឹកជំនន់ ទន្លេមេគង្គដោយលើកឡើងថា៖ យោងលើស្ថានភាពអាកាសធាតុដែល បាននឹងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយ សារឥទ្ធិពលព្យុះទី១៦ ឈ្មោះថា “NORU” មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ ។ ហើយស្ថានភាពបែបនេះនឹងធ្វើឲ្យទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៥ថ្ងៃខាងមុខ ជាពិសេសនៅភាគ ខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ ម៉ែត, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាច ឡើងដល់កម្ពស់ ១៤,៣០ ម៉ែត្រ ។ រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាច ឡើងដល់កម្ពស់ ៩,៤០ ម៉ែត្រ។ ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ និងបន្តហូរ ចូលតាមបណ្ដាព្រែកបន្ថែមទៀត។ ចំណែកនៅតំបន់ភាគឦសាន ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់ ផងដែរ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន និង តាមដានស្តាប់ឲ្យជាប់ជាមួយនឹងការជូនដំណឹងរបស់អាជ្ញាធរដែនដី និង ក្រសួងធនធានទឹក៕

អត្ថបទដែលជាប់ទាក់ទង