ថ្ងៃទីមួយនៃការបើកដំណើរការសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ទទួលបានយានយន្តជិត ៩.០០០ គ្រឿងចរាចរណ៍…!
ភ្នំពេញ៖ បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ មានយានយន្តចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសី ហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ ក្នុងនោះដែរយើងសង្កេតឃើញថា មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះក្នុងការដឹកជញ្ជូនទំនិញ របស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន នេះបើយោងតាម ការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមជម្រាបជូនដែរថា៖ ក្នុងចំណោមយានយន្តជិត ៩.០០០ គ្រឿងនោះ ក៏មានករណីដែលត្រូវការ ការប្រឹក្សាយោបល់សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ សរុបមានចំនួន ៥២ ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខៈ ១៣៩៩ ក្នុងថ្ងៃនោះ។
សូមរំលឹកផងដែរថាៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ មានប្រវែង ១៨៧,០៥ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងនិងខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ ៤ ចំនួន ៦កន្លែង មានកន្លែងឈប់សម្រាក ៣ កន្លែង និងចំណតរថយន្ត ១ កន្លែងផងដែរ។
គួរបញ្ជាក់ផងដែរថា៖ ការបើកបរលើផ្លូវល្បឿនលឿនតម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការក្នុងការស្វែងយល់ ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្វើដំណើររបស់បងប្អូនប្រកប ដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ៕ ប្រភពៈ ក្រសួងសាធារណការ និងដឹកជញ្ជូន