សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំសម័យប្រជុំលើកទី៨ នីតិកាលទី៦ក្នុងរបៀបវារៈ ចំនួន៥សំខាន់ៗ!

នៅក្នុងព្រះរាជាសារផ្ញើជូនសម័យ្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានកោតសរសើរនិងអរគុណចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំព្រមទាំងសមាជិកសមាជិកា រដ្ឋសភា ក្នុងភារកិច្ចដឹកនាំស្ថាប័ននីតិប្បញ្ញត្តិលើការងារអនុម័តច្បាប់នានា ដើម្បីឲ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម និងស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំបើកសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅវិមានរដ្ឋភា ក្នុងនោះរដ្ឋសភាបានចូលរួមយ៉ាងសកម្មក្នុងការ ស្រាវជ្រាវនូវចំណុចវិជ្ជមាន អវិជ្ជមាន និងវិធីសាស្រ្តនានាដាក់ឲ្យអនុវត្តក្នុងដំណាក់កាល ប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ-១៩ បានដោយជោគជ័យ។  បន្ថែមពីលើអន្ថន័យនេះព្រះករុណាមានព្រះអង្គការបន្ថែមថា សមិទ្ធផលទំាងនេះបានបង្ហាញអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋគ្រប់រូបប្រាថ្នាចង់បានប្រកបដោយស្នាមញញឹម សប្បាយរីករាយនិងការ រីកចម្រើនជាលំដាប់។ ព្រះករុណាជាអង្គម្ចាស់ជីវិតដម្កល់លើត្បូង បានសព្វព្រះទ័យជាខ្លំាងនៅពេលដែលបានឃើញព្រះរាជាណាចក្រកម្ពុជា បានបើកប្រទេសឲ្យដំណើរការងារគ្រប់វិស័យជាប្រក្រតីឡើងវិញ ក្រោយកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរនិងការគិតដ៍វាងវៃរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគំាទ្រពីប្រជាជពលរដ្ឋទូទំាងប្រទេស ព្រមទំាងដៃគូសហការនានា រួមទំាងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆំាងជំងឺរាតត្បាតកូវីដ-១៩នាពេលកន្លងមកនេះ។ សូមជម្រាបដែរថា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ មានរបៀបវារៈចំនួន៥ រួមមាន៖

១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។

២- របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦។

៣- ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២ រូប មាន ឯកឧត្តម ហេង ប៊ុនថាន់ ជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព និងឯកឧត្តម នុត ជា ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។

៤- ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងលោកជំទាវ ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង