លោកជំទាវ អនហេង លក្ខិណា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខស្ត្រីគ្មានទីពឹង មានជំងឺប្រចាំកាយចំនួន ៥នាក់ រស់នៅឃុំស្វាយទាប ស្រុកចំការលើ
កំពង់ចាម ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃក្រុមប្រឹក្សាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខស្ត្រីចាស់ជរា គ្មានទីពឹង មានជំងឺប្រចាំកាយចំនួន ៥គ្រួសារ រស់នៅឃុំស្វាយទាប ស្រុកចំការលើ ។
បន្ទាប់មកលោកជំទាវ និងក្រុមការងារ អមដំណើរដោយអាជ្ញាធរស្រុក គ.ក.ស.ក ស្រុក គ.ក.ន.ក ឃុំ សមាគមនារីឃុំ និង ស.ស.យ.ក. ឃុំបានបន្តចុះលើកទឹកចិត្តដល់ដំណើរការមត្តេយ្យសិក្សាសហគមន៍ ដែលមានសិស្សចំនួន ២០នាក់កំពុងសិក្សានៅក្រោមផ្ទះរបស់អ្នកគ្រូផ្ទាល់តែម្តង ។
ក្នុងដំណើរបេសកកម្មមួយព្រឹកនេះ លោកជំទាវក៏បានជួបប្រជុំជាមួយ គ.ក.ន.ក ឃុំដើម្បីពង្រឹងការអនុវត្តតួនាទី និងភារកិច្ច ស្តាប់របាយការណ៍ និងបញ្ហាប្រឈម ដើម្បីពិភាក្សាផ្តល់យោបល់ ព្រមទាំងផ្សព្វផ្សាយនូវកិច្ចការសំខាន់ៗមួយចំនួនដែលថ្នាក់ជាតិកំពុងផ្តោតការយកចិត្តទុកដាក់ផ្សព្វផ្សាយ និងអនុវត្តផងដែរ ។