សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី Jyotsana Verma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ADB ចូលជួបសម្ដែងការគួរសម

 

សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានបន្តបេសកម្មជាមួយកម្ពុជាជាច្រើនឆ្នាំ រហូតក្លាយជាដៃគូអភិវឌ្ឍន៍មួយមិនអាចខ្វះបាន។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងបន្តទៀតថាADB ក៏ជាម្ចាស់ជំនួយមួយដែលបានរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាស្មុគស្មាញ និងប្រសិនបើគ្មានការគាំទ្រពីភាគីពាក់ព័ន្ធទេ   នឹងមិនអាចទទួលបានជោគជ័យដូចសព្វថ្ងៃនោះឡើយ ។ រួមជាមួយគ្នានេះផងដែរ ADBក៏បានជួយគាំទ្រកម្ពុជាក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាំងពីឆ្នាំ២០០២ ជាមួយនឹងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀតជាមួយបណ្ដាប្រទេសនៅតាមបណ្ដោយដងទន្លេមេគង្គ។ ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនលោកស្រីនាយិកាថាផ្អែកតាមប្រវត្តិសាស្រ្ត ការងារកំណែទម្រង់នេះគឺជាការងារមួយដ៏ថ្មីសន្លាង ទាមទារឱ្យមានការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តខ្ពស់។ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍លើកឡើងពីបញ្ហាមួយចំនួនដែលត្រូវដោះស្រាយក្នុងការងារមួយចំនួនពាក់ព័ន្ធនឹងកំណែម្រង់នេះ រួមទាំងការងារកំណែទម្រង់ដែលជាគោលនយោបាយដ៏មានសារៈសំខាន់ដែលបានដាក់ចេញឱ្យអនុវត្តជិត២ទស្សវត្សរ៍មកហើយ។សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការសន្និដ្ឋានថា ការយល់ដឹងរបស់អ្នកពាក់ព័ន្ធនានាទាំងស្ថាប័នសាធារណៈនិងសង្គមស៊ីវិល ពាក់ព័ន្ធនឹងកំណែទម្រង់នេះនៅមានកម្រិត មានការយល់ឃើញ និងបកស្រាយផ្សេងៗគ្នាអំពីចក្ខុវិស័យ និងគោលបំនងនៃកំណែទម្រង់នេះ។បញ្ហាប្រឈមទី២គឺបញ្ហារចនាសម្ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ នៅមិនទាន់មានលក្ខណៈសមស្របពេញលេញតាមចរិត លក្ខណៈផ្សេងៗគ្នានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដូចជាទីក្រុងធំ ទីប្រជុំជន និងទីជនបទ។បញ្ហាមួយទៀតពាក់ព័ន្ធនឹងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលសម្ដេចបន្ថែមថាបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានផ្ទេរមុខងារចំនួន៥៥ក្នុងវិស័យចំនួន២០ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តែទោះជាយ៉ាងណាការផ្ទេរនេះពុំទាន់មានលក្ខណៈសមស្របតាមចំនួនមុខងារ និងទំហំមុខងារនីមួយដែលបានផ្ទេរទៅ ព្រមទាំងពុំទាន់មានភាពរលូននៅឡើយ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងបន្តទៀតថាជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធនឹងការវិនិយោគដែលអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចសម្រេច លើគម្រោង ត្រឹមទឹកប្រាក់៥លានដុល្លារអាមេរិកដោយពុំចាំបាច់មានការឆ្លងការពិនិត្យសម្រេចពីថ្នាក់ជាតិ ប៉ុន្តែពុំទាន់មានរដ្ឋបាលណាមួយពិនិត្យសម្រេចលើការងារនេះនៅឡើយទេ។ ហើយចំពោះបញ្ហាទាំងនេះ  ទាមទារឱ្យមានការគាំទ្រពីរដ្ឋបាលថ្នាក់ជាតិ ព្រោះបើអនុវត្តមិនបានជោគជ័យ អាចប៉ះពាល់ដល់អារម្មណ៍ និងមតិរបស់សាធារណជនលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ខណៈបញ្ហាមួយទៀតគឺប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកស្រីនាយិការADB បានថ្លែងអំណរគុណសម្ដេចក្រឡាហោមដែលបានទទួលលោកស្រី និងបានមានប្រសាសន៍ថាធនាគារអភិវឌ្ឍន៍អាស៊ីគឺជាដៃគូដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងមហាផ្ទៃ ដែលមានគម្រោងមួយចំនួនបាននិងកំពុងអនុវត្តជាមួយគ្នា។លោកស្រីបានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់សម្ដេចក្រឡាហោម សម្រាប់ការគាំទ្ររបស់ADBក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលគួរឱ្យកោតសរសើរ៕

អត្ថបទដែលជាប់ទាក់ទង