«ស្ត្រីជាផ្នែកមួយនៃការប្រែក្លាយទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង»
(ភ្នំពេញ)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រី បានថ្លែងថាៈ «ស្ត្រីជាផ្នែកមួយនៃការប្រែក្លាយទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង» ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ត្រីមាសទី៣ ឆ្នាំ២០២២ ដើម្បីធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដាក់ចេញនូវទិសដៅអនុវត្ត។ នៅក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថាស្ត្រីបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងជាផ្នែកមួយនៃការប្រែក្លាយទេសចរណ៍កម្ពុជា ជា «គោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្ដៅ ស្អាត និងបៃតង» តាមរយៈសកម្មភាពរដ្ឋបាល សេវាកម្ម អាជីវកម្ម និងការធ្វើបដិសណ្ឋារកិច្ចរបស់ស្ត្រី។
ផ្តើមពីតួនាទីដ៏មានសារ:សំខាន់របស់ស្ត្រី ក្រសួងទេសចរណ៍ បានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មាន សក្ដានុពល និងជាភាគីពាក់ព័ន្ធមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនេះស្ត្រីក្នុងវិស័យទេសចរណ៍បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទីក្រុងស្អាត ការថែរក្សាអនាម័យ សោភ័ណភាព និងពង្រឹងគុណភាពផលិតផល ក៏ដូចជាសេវាកម្មក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។
ស្ត្រីក៏បានចូលរួមក្នុងការអនុវត្តផែនទីចង្អុលផ្លូវ (Road-Map) ស្តីពីការស្តារនិងលើកស្ទួយវិស័យ ទេសចរណ៍ (២០២០-២០២៥) ព្រមជាមួយការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាក្នុងវិស័យទេសចរណ៍ (SOP) ដើម្បីដំណើរការទេសចរណ៍ និងពង្រឹងគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង។ ក្នុងន័យនេះស្រ្តីភាគច្រើនក៏បាននិងកំពុងបន្តការងារតាមបែបគន្លងថ្មី ហើយបានចូលរួមអនុវត្តយ៉ាងសកម្មនិងត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួង ទាំងក្នុងវិស័យរដ្ឋនិងឯកជន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
គួបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅក្នុងពិភពលោកបាននិង កំពុងប្រឈមផលប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពទេសចរណ៍ និងការប្រកបអាជីវកម្មទេសចរណ៍ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ក្នុងនោះមានទាំងស្ត្រីផងដែរ ជាកត្តានាំឱ្យមានការបង្អាក់ដល់ខ្សែចង្វាក់សេដ្ឋកិច្ចកម្ពុជាក៏ដូចជាការអភិវឌ្ឍនៃវិស័យទេសចរណ៍កម្ពុជា។ ប៉ុន្តែជាភ័ព្វសំណាងរបស់កម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើមបានគិតគូរស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដែលធ្វើឱ្យកម្ពុជាឈានដល់ការបង្កើតភាពសាំនៅក្នុងសហគមន៍ និងឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងទេសចរណ៍ឡើងវិញតាមគន្លងប្រក្រតីភាពថ្មី រហូតឈានដល់ការទទួលចំណាត់ថ្នាក់ជាប្រទេសដែលអាចបើកសកម្មភាពសេដ្ឋកិច្ច សង្គម លឿនជាងគេ និងជាប្រទេសដែលមានសុវត្ថិភាពសម្រាប់ការទស្សនាទេសចរណ៍ផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានអនុញ្ញាតឱ្យមន្ទីរទេសចរណ៍ខេត្តមួយចំនួនធ្វើការចែករំលែកអំពីបទពិសោធន៍ នៃការអនុវត្តការងាររបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម សំដៅដាក់ចេញនូវវិធានដំណោះស្រាយរួម ជាមួយផែនការអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ ដើម្បីពង្រឹង-ពង្រីកសកម្មភាព និងសមត្ថភាពរបស់ស្ត្រីនៅក្នុងវិស័យមាសបៃតងមួយនេះឱ្យកាន់តែប្រសើរឡើង និងដើម្បីស្វែងរកឱកាសឈានទៅសម្រេចវឌ្ឍនភាពថ្មីៗជូនក្រសួង ក៏ដូចជារាជរដ្ឋាភិបាល៕