គម្រោងសម្តេចតេជោស ម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” សម្រេចបាន ៧០% នៃផែនការហើយ
(ត្បូងឃ្មុំ) ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានអញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” និងជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីន នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC)ព្រមទាំង ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមាណជិត ២០០ នាក់ កាលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ។
ថ្លែងនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ការងារបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តត្បូងឃ្មុំ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” សម្រេចបានប្រមាណ ៧០% នៃផែនការបោសសម្អាតលើផ្ទៃដីសរុប ៤.៦៨៧.៣១៧ ម៉ែត្រក្រឡា ស្មើនឹង ៩០ចម្ការមីន ដោយបានរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧៦ គ្រាប់ មីនប្រឆាំងរថក្រោះ ១៥ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១០៨០ គ្រាប់។ ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា ការងារបោសសម្អាតមីន និងកម្ទេចគ្រាប់នាថ្ងៃនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសេសសល់ក្រោយសង្រ្គាម ដែលធនធានទាំងនេះ បានមកពីការបំផុសឲ្យមានចលនាជាតិលប់បំបាត់គ្រាប់មីនឲ្យអស់ ក្នុងឆ្នាំ២០២៥ របស់សម្តេចតេជោ។ បន្ថែមលើសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងបោសម្អាតមីន កម្លាំងនគរបាលការពារព្រំដែន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ៕