ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងលើកទិសដៅសកម្មភាព ការងារបន្តនៃ៧ចំណុចសំខាន់!

នៅថ្ងៃនេះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២២ ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗ ទាក់ទងនឹងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការងារដឹកជញ្ជូនតាមផ្លូវទឹក ការងារទឹកកខ្វក់ ការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាថ្មីៗ វឌ្ឍនភាពនិងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការបើកឱ្យប្រើប្រាស់ សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងការបំពាក់មេដាយជូនក្រុមការងារបច្ចេកទេសក្រុមហ៊ុនCambodian PPSHV Expressway Co., Ltd ដែលមានស្នាដៃល្អក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុផងដែរ។ អង្គប្រជុំបានពិភាក្សាដោយផ្តោតជាសំខាន់លើការងាររួមមានដូចជា៖ ១).បញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងក្នុងអំឡុងពេលនៃការបើកឱ្យប្រើប្រាស់សាកល្បង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដំណោះស្រាយដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ ក្នុងន័យជំរុញឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនអាចប្រព្រឹត្តទៅដោយរលូន និងប្រសិទ្ធភាព ២).ការធ្វើឱ្យប្រសើរឡើងការប្រមូលកម្រៃពីការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចែករំលែកទិន្នន័យប្រតិបត្តិការ ធានាតម្លាភាពអាជីវកម្មក្រុមហ៊ុន និងសុវត្ថិភាពចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋ តាមរយៈយន្តការបច្ចេកវិទ្យា DIP ដែលជាបច្ចេកវិទ្យាទំនើបជួយកាត់បន្ថយពេលវេលា និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿន ៣).វឌ្ឍនភាពគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលជាផ្នែកមួយជំរុញការដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ៤).វឌ្ឍនភាពការងារសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុ ដែលជាគម្រោងដ៏មានសារៈសំខាន់ជួយកាត់បន្ថយការ

បំពុលបរិស្ថានដោយសារទឹកកខ្វក់ និងជួយលើកស្ទួយសោភ័ណភាពក្រុងព្រះសីហនុឱ្យកាន់តែល្អប្រសើរ ៥).បញ្ហាស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ជាពិសេសកំណាត់ផ្លូវប្រវែង ២០គីឡូម៉ែត្រ ដែលកំពុងរងការខូចខាតយ៉ាងខ្លាំង ដើម្បីរកដំណោះស្រាយសម្រាប់ការធ្វើឱ្យប្រសើរឡើងវិញតាមរយៈបច្ចេកទេសពិសេស (ការកាយដីស្អុយជម្រៅ១៨ម៉ែត្រចេញ) ៦).ផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដោយគ្រោះទឹកជំនន់នៅតាមបណ្តារាជធានី-ខេត្ត នៅក្នុងឆ្នាំ២០២២ ដោយសារគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង និងវិធានការបន្ទាន់សម្រាប់ការស្តារជួសជុលបន្ទាន់ឡើងវិញ ៧).វឌ្ឍនភាពការងារធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៤ ដែលកំពុងធ្វើការជួសជុលឡើងវិញស្របតាមស្តង់ដារ និងលក្ខណៈបច្ចេកទេស។  ទន្ទឹមនឹងនោះ អង្គប្រជុំក៏បានពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ សំដៅឱ្យគម្រោងការងារដែលកំពុង និងត្រៀមរៀបចំអនុវត្ត សម្រេចបានដោយជោគជ័យតាមផែនការ ដែលបានគ្រោងទុក។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់ជាមតិយោបល់ និងអនុសាសន៍ណែនាំល្អៗ ដើម្បីជាជំនួយក្នុងការយកទៅអនុវត្តគម្រោងការងារទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពការងារខ្ពស់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង