សម្ដេចតេជោ ហ៊ុន សែន៖ ថ្វីត្បិតតែជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច កម្ពុជានៅតែប្តេជ្ញា ចូលរួមដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុរបស់សកល!


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជាការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់កម្ពុជា ថ្វីត្បិតតែជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច កម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុរបស់សកល ដោយបានបង្កើនថវិកាជាតិចំនួន៣ដង សម្រាប់សកម្មភាពពាក់ព័ន្ធ នឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និងបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន ប្រមាណ ៤២ ភាគរយ នៅត្រឹមឆ្នាំ២០៣០។

សម្ដេចតេជោបានថ្លែងដូច្នេះ នៅក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ «គោលនយោបាយ     បរិស្ថាននិង ការអភិវឌ្ឍប្រកបដោយចីរភាព» នៅទីក្រុង Yuzhno-Sakhalinsk សហព័ន្ធរុស្ស៊ី តាមប្រព័ន្ធវីដេអូ          នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។  ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ សម្រាប់រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូន ដើម្បីជំរុញសេដ្ឋកិច្ចបៃតង ដែលធន់នឹងអាកាសធាតុ ជាមួយនឹងការបញ្ចេញកាបូនតិចផងដែរ។ លើសពីនេះទៀត កម្ពុជាក៏បានកំណត់ផងដែរ អំពីការអភិវឌ្ឍបៃតង និងការទប់ទល់ការប្រែប្រួលអាកាសធាតុ ជាសមាសភាពដ៏សំខាន់នៃការកសាងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងបានកំណត់ក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មី ជាការលើកទឹកចិត្តដល់ការវិនិយោគថាមពលបៃតង សេដ្ឋកិច្ច និងកិច្ចការពារបរិស្ថាន។ ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា បញ្ហាបរិស្ថានមិនស្គាល់ព្រំដែនប្រទេសឡើយ ហេតុនេះមានតែកិច្ចសហប្រតិបត្តិការនិងសាមគ្គីអន្តរជាតិជាធ្លុងមួយប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាប្រឈមបរិស្ថានសកល ឲ្យមានប្រសិទ្ធភាពនិងជួយសង្គ្រោះភពផែនដី ពីគ្រោះមហន្តរាយទាំងឡាយសម្រាប់ជនានុជនជារៀងដរាបតទៅ។ សម្ដេចតេជោជឿជាក់ថា យើងទាំងអស់ពិតជាអាចធ្វើបាន ក្នុងនោះក៏មានឧទាហរណ៍ល្អៗជាច្រើននៃសាមគ្គីភាព និងកិច្ចសហការទាំងនេះដូចជា ការអនុវត្តពិធីសារម៉ុងរ៉េអាល់ ដែលបានកាត់បន្ថយ និងឈានទៅលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូនជាដើម។ សម្ដេចតេជោនាយករដ្ឋមន្រ្តី         មានសង្ឃឹមយ៉ាងមុតមាំថា យើងពិតជាអាចជម្នះនូវរាល់បញ្ហាទាំងនេះជាមួយគ្នាបាន។ ជាទិសដៅបន្តសម្ដេចតេជោយល់ថា យើងត្រូវបន្តលើកកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិ ទាំងទ្វេរភាគី និងពហុភាគី ដោយទុកភាពខុសគ្នាផ្នែកប្រព័ន្ធដឹកនាំ នយោបាយ វប្បធម៌ និង ជំនឿសាសនាដោយឡែក។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការគាំទ្រហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យាពីប្រទេសអភិវឌ្ឍន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍ គឺជាប្រការចាំបាច់ដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថានសកលឱ្យកាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៀត យើងក៏គួរផ្តោតជាសំខាន់ ផងដែរ លើការកសាង និងការធ្វើសមាហរណកម្មធនធានមនុស្ស តាមរយៈការចែករំលែក ចំណេះដឹងអំពីការដោះស្រាយបញ្ហាបរិស្ថាន និងកម្មវិធីទស្សនកិច្ចសិក្សាជាដើម ដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់នៃបញ្ហាបរិស្ថានសកល។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា «កម្ពុជាបានត្រៀមខ្លួនជាស្រេច ហើយយើងត្រូវការដៃគូ ទាំងសាធារណៈ និងឯកជន ដើម្បីជួយយើងសម្រេចបាននូវការប្ដេជ្ញាចិត្តទាំងនេះ៕ ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទដែលជាប់ទាក់ទង