“ការចែករំលែកចំណេះដឹងជាមូលដ្ឋានប្រឆាំងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការបូមខ្សាច់”
ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតី និងជាវាគ្មិនផ្ទាល់ក្នុងសិក្ខាសាលា ស្តីពី “ការចែករំលែកចំណេះដឹងជាមូលដ្ឋានប្រឆាំងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការបូមខ្សាច់” របស់ក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីមកពីគ្រប់នាយកដ្ឋាននៃក្រសួងរ៉ែនិងថាមពល និងមន្ទីររ៉ែនិងថាមពលរាជធានី-ខេត្តទាំងអស់សរុបចំនួន ១២៥ នាក់។
សិក្ខាសាលានេះ មានគោលបំណងចែករំលែកចំណេះដឹង ព័ត៌មានផ្សេងៗ ក៏ដូចជាដោះស្រាយចម្ងល់នានាពាក់ព័ន្ធនឹងការបូមខ្សាច់ដល់មន្រ្តីចំណុះក្រសួងរ៉ែនិងថាមពល និងដើម្បីផ្តល់ជាព័ត៌មានមូលដ្ឋាន ឱ្យបានគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយដែលធ្លាប់កើតមាន ឬនឹងកើតឡើងនាពេលអនាគត។
ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តមជាវាគ្មិន ក៏បានផ្តល់អនុសាសន៍ដល់សិក្ខាកាមទាំងអស់ ឱ្យចែករំលែកបន្តនូវចំណេះដឹង និងព័ត៌មានដែលទទួលបានពីសិក្ខាសាលានេះ ដល់មនុស្សជុំវិញខ្លួន ជាពិសេសគឺដើម្បីឆ្លើយតបទៅក្រុមមនុស្សមួយក្តាប់តូចដែលតែងតែបំពុលសង្គមជាមួយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ សំដៅកេងចំណេញនយោបាយ ដែលវាអាចបង្កការរាំងស្ទះដល់ ការអភិវឌ្ឍសង្គមជាតិយើង៕ ប្រភពៈ ក្រសួងរ៉ែនិងថាមពល