សម្ដេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យឯកឧត្តមសាស្ត្រាចារ្យ Anek រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សាស្ត្រាចារ្យ Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តថៃឡង់ស៍ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី៧តុលា ។ ឯកឧត្តម អាណិក បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងប្រតិភូចូលជួបសំដែងការគួរសម។ ឯកឧត្តម បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ អំពីថ្នាក់ដឹកនាំថៃ គោរពជូនសម្ដេចតេជោ ហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោថា គោលបំណងរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកនៅកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រថៃនិងព្រះរាជាណាចក្រកម្ពុជា តាមរយៈ ទី១ គោរពផ្ដល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើវិស័យវិទ្យាសាស្ត្រនិងបច្ចេកទេសនៅ សាកលវិទ្យាល័យល្បីៗ នៅព្រះរាជាណាចក្រថៃ ទី២ តាមរយៈការអនុញ្ញាតឱ្យអ្នកស្រាវជ្រាវនិងអ្នកវិទ្យាសាស្រ្តកម្ពុជាទៅ ចូលរួមធ្វើការសិក្សា និងស្រាវជ្រាវលើវិស័យជាច្រើន រួមទាំងវិស័យតារាសាស្ត្រ វិស័យជីវសាស្ត្រ វិស័យអាហារសាស្ត្រនិង វិស័យដទៃទៀត និងទី៣ សូមគោរពជូននូវ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាពិសេសលើជំនាញឯកទេស។ លើសពីនោះទៅទៀត ឯកឧត្តម អាណិក ក៏បានគោរពអញ្ជើញប្រតិភូកម្ពុជា ដើម្បីទៅធ្វើទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រថៃ  ដើម្បីពិនិត្យមើលលទ្ធភាពលើវិស័យ ដែលអាចពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរជាពិសេស លើវិស័យអប់រំ។ ជា

ការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះឯកឧត្តមអាណិត ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំថៃជូនចំពោះសម្ដេច។ សម្ដេចតេជោបានថ្លែងអំណរគុណផងដែរចំពោះការផ្ដល់អាហាររូបករណ៍ ការផ្ដល់កិច្ចសហប្រតិបត្តិការលើការសិក្សា ស្រាវជ្រាវលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានិង វិស័យសុខាភិបាល។ សម្ដេចតេជោមានប្រសាសន៍បន្ថែមថា កម្ពុជាត្រូវការនិស្សិតទៅសិក្សា ថ្នាក់ជំនាញនោះគឺថ្នាក់ អនុបណ្ឌិតនិងថ្នាក់បណ្ឌិត រួមទាំងការស្រាវជ្រាវផងដែរ ក្នុងន័យនេះសម្ដេចតេជោបានស្នើសុំឱ្យមានការបន្តការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យ បានល្អនិងកាន់តែស៊ីជម្រៅ។ សម្ដេចតេជោ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុវត្ត ទៅធ្វើទស្សនកិច្ចតាមការអញ្ជើញរបស់ឯកឧត្តម អាណិក។ សម្ដេចតេជោ បានសម្ដែងមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត ចំពោះការបាញ់ប្រហារ កាលពីម្សិលនៅប្រទេសថៃ ដោយសម្ដេចបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា សូមចូលរួមសំដែងនូវការសោកស្ដាយជាទំបំផុតនេះផង៕

អត្ថបទដែលជាប់ទាក់ទង