ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញចុះត្រួតពិនិត្យមាសបៃតងដែលខូចខាត ដោយសារជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង 

ត្បូងឃ្មុំ : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញចុះពិនិត្យដំណាំស្រូវរដញវវស្សា របស់ប្រជាកសិករ ដែលខូចខាត ដោយសារជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង ប្រមាណជាជិត ២.០០០ ហិចតា នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ ។

ឯកឧត្តមបានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការខូចខាតផលដំណាំស្រូវ ដែលជាមាសបៃតងរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលបានបង្ករការលំបាក ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកចំនួន ៣ គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ នៃខេត្តត្បូងឃ្មុំ ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែលអាចបណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនដី ត្រូវអញ្ជើញបងប្អូន ប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួលមានសុវត្ថិភាព បណ្តោះអាសន្យសិន ហើយរង់ចាំទឹកស្រក ចាំវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ និងត្រូវចាត់ចែង កងកម្លាំងការពារសន្តិសុខ សុវត្ថិភាព ជូនពួកគាត់ឲ្យបានល្អប្រសើ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងខេត្តត្បូងឃ្មុំ មានស្រុកចំនួន ៣ រួមមានស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ដែលមានដំណាំស្រូវនៅដំណាក់កាលសំណាប បានទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់ទន្លេមេគង្គនិងទឹកភ្លៀង ជន់លិចស្រូវពង្រោះរបស់ប្រជាកសិករលើផ្ទៃដីប្រមាណ ១.៩៨៤ ហិកតា ក្នុងនោះខូចខាត ១.២០៨ ហិកតា ស្មើនឹង ២.៦១៨ គ្រួសារ លើ ៩២ ភូមិ ស្មើនឹង ១៧ ឃុំ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង