ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ថាៈ ករណីប្រជាពលរដ្ឋនៅឃុំព្រះដាក់ គឺឈរលើការស្ម័គ្រចិត្តតែប៉ុណ្ណោះ រាជរដ្ឋាភិបាលមិនបង្ខំឱ្យចេញពីស្រុកចាស់នេះទេ!

ក្នុងពិធីសំណេះសំណាល និងផ្តល់ព័ត៌មានជាក់លាក់ដល់ពលរដ្ឋឃុំព្រះដាក់នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២   ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ បានថ្លែងទៅកាន់ប្រជាពលរដ្ឋច្បាស់ៗថាៈ  ករណីប្រជាពលរដ្ឋនៅឃុំព្រះដាក់ គឺឈរលើករណីស្ម័គ្រចិត្តតែប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលមិនបានបង្ខំឱ្យចេញពីស្រុកចាស់នេះទេ។

កន្លងមករាជរដ្ឋាភិបាលមានបំណងដាក់បញ្ចូលទឹកក្នុងបារាយណ៍ខាងកើតឡើងវិញ ដែលអាចមានទឹកប្រើប្រាស់ចំនួន ៣០ លានម៉ែត្រគីប តែដោយករណីប៉ះពាល់ច្រើន ទើបរាជរដ្ឋាភិបាលពិចារណាដាក់បញ្ចូលទឹកតែមួយផ្នែកប៉ុណ្ណោះ គឺនៅផ្នែកខាងលិច ដែលភាគច្រើនជាដីស្រែ។

ក្រៅពីបញ្ជាក់ច្បាស់ហើយនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានឱ្យពលរដ្ឋម្ចាស់ស្រុកធ្វើយ៉ាងណា ទប់ស្កាត់កុំឱ្យមានសំណង់ថ្មីកើនឡើង រក្សាទំនៀមទម្លាប់ពីបុរាណ និងកុំប៉ះពាល់ដល់ទីបុរាណដ្ឋាននានានៅក្នុងភូមិ ដើម្បីរក្សាតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ។ ប្រជាពលរដ្ឋដែលបានចូលរួម បានសម្ដែងអារម្មណ៍រីករាយជាខ្លាំងក្រោយស្ដាប់ការបកស្រាយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី៕

អត្ថបទដែលជាប់ទាក់ទង