ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញនាំយកអំណោយ សម្តេចតេជោ ជូនដល់កងពលតូចអន្តរាគមន៍លេខ១៤ កងកម្លាំងប្រដាប់អាវុធទិសទី៤!
(ខេត្តពោធិ៍សាត់)៖ កងពលតូចអន្តរាគមន៍លេខ១៤ និងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ របស់ខេត្តពោធិ៍សាត់ បានទទួលអាវរងា និងសម្ភារៈមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ ស្ថិតនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ។
ជាមួយនឹងការពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឮកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម ហ៊ុន ម៉ានី សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ គ្រប់មុខសញ្ញា ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេសទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបានចុះជួយសង្រ្កោះ ប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងក្នុងដំណាក់ចុងក្រោយនេះកងកម្លាំងប្រដាប់អាវុធបានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យទៅនឹងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ដែលស្តែងចេញពីការគោរព និងទទួលបញ្ជាយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍។
មេបញ្ជាការកងពលជំនួសមុខឲ្យថ្នាក់ដឹកនាំទិសទី៤ នាយពលទាហាន នាយពលអាវុធហត្ថ និងនាយពលនគរបាល សូមគោរពថ្លែងអំណរអរគុណ យ៉ាង ជ្រាលជ្រៅប៉ផុតចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និច្ចកាល តែងតែគឺតគូរពីសុខទុក្ខ និងសុខមាលភាពកងទ័ពជាប់ជាប្រចាំ។ ប្ដេជ្ញាខិតខំ បំពេញការងារ យកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ចការពារជាតិ មាតុភូមិ ប្ដេជ្ញារក្សាសុខសន្តិភាពឲ្យបានដាច់ខាត៕