សម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតឲ្យឯកឧត្តម Stefan Anton MESSERER ឯកអគ្គរដ្ឋទូតវិសាមញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ!

នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Stefan Anton MESSERER ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម Stefan Anton MESSERER មានប្រសាសន៍គោរពសំដែងនូវការរីករាយ ជាខ្លាំងដែលរូបឯកឧត្តមត្រូវបានមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា តាមបំណងរបស់ឯកឧត្តម។ ឯកឧត្តមក៏បានសំដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោដែលបានដឹកនាំកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយសហព័ន្ធមានសេចក្តីរីករាយខ្លាំងណាស់ ដែលបានចូលរួមដំណើរនិងចូលរួមជួយដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលបានជោគជ័យរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតមានប្រសាសន៍ជំរាបជូនសម្តេចតេជោថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាជំរុញទំនាក់តំនង រវាងប្រទេសទាំងពីរ។ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសខិតខំប្រឹងប្រែងជំរុញឲ្យមានការវិនិយោគឲ្យកាន់តែខ្លាំងឡើងនៅកម្ពុជា។ ឯកឧត្តមបានគោរពវាយតម្លៃខ្ពស់ ចំពោះការសំរេចចិត្តរបស់កម្ពុជាក្នុងការប្រឆាំងនិងការឈ្លានពានរបស់ រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និងបានសំដែងនូវការវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមដោយផ្ទាល់របស់សម្តេចតេជោ ក្នុងជួយស្វែងរកដំណោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ារ។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សំដែងនូវការស្វាគមន៍ និងអបអរសាទរជូន ចំពោះ ឯកឧត្តម Stefan Anton MESSERER ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។ សម្តេចតេជោមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជានាពេលកន្លងមក។ សម្តេចតេជោបន្តថា រាល់ការជោគជ័យរបស់កម្ពុជា និងការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីជំនួយរបស់ សហព័ន្ធអាល្លឺម៉ង់នោះទេ ជាពិសេសថ្មីនេះជំនួយរបស់អាល្លឺម៉ងដែលបានជួយដល់កម្ពុជា ក្នុងការជួយទប់ស្កាត់ដល់ការរីករាលដាល នៃជំងឺកូវីដ១៩។ ចំពោះបញ្ហាសង្រ្គាមនៅអ៊ុយក្រែន សម្តេចតេជោមានប្រសាសន៍ថា ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន គឺជារឿងមួយ ប៉ុន្តែករណីដាក់ទណ្ឌកម្មហួសហេតុពេក ធ្វើឲ្យមានការប៉ះពាល់ត្រឹមតែរុស្ស៊ី អឺរ៉ុបទេ គឺថែមទាំងប៉ះពាល់ដល់ពិភពលោកទាំងមូល ផងដែរ ទាំងនោះរួមទាំងកម្ពុជាផងដែរ ចំពោះករណីនេះគម្បីណាពិនិត្យមើលឡើងវិញ។ចំពោះករណីមីយ៉ាន់ម៉ារវិញសម្តេចតេជោមានប្រសាសន៍ថា រាល់កិច្ចប្រឹងប្រែងទាំងអស់ គឺដើម្បីសេចក្តីសុខ សន្តិភាពសំរាបើប្រជាជនមីយ៉ាន់ម៉ារផង សំរាប់តំបន់ផង និងពិភពលោកទាំងមូលផង។ សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ារ នោះគឺទី១ ដើម្បីចង់ឲ្យមានបទឈប់បាញ់គ្នា ទី២ចង់ឲ្យមានការផ្តល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជនមីម៉ាន់ម៉ារ ដែលកំពុងតែត្រូវការ និងទី៣គឺដើម្បីជំរុញឲ្យមានកិច្ចពិភាក្សាគ្នាផ្នែកនយោបាយ តែពុំទទួលបានជោគជ័យ ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោមានប្រសាសន៍ថា យើងត្រូវតែមានការអត់ធ្មត់ និងខិតខំប្រឹងប្រែងបន្តទៀត៕

 

 

 

អត្ថបទដែលជាប់ទាក់ទង