គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធការងារសន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ!

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ ជ ប  បានមានប្រសាសន៏នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត វិធានការបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមការរិយាល័យចុះឈ្មោះបោះឆ្នោត និង ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយថា៖ ក្នុងកិច្ចប្រតិបត្តិការ នៃ ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលទទួលខុសត្រូវការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង វិស័យការងារដទៃទៀតត្រូវផ្តល់កិច្ចសហប្រតិបត្តិការដល់ គ.ជ.ប និង គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយក្នុងដំណើរការបោះឆ្នោត តាមសំណើរបស់ គ.ជ.ប ឬ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។ ដើម្បីសម្រេចបានវត្ថុបំណងដ៏មានសារសំខាន់នេះ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប បានដាក់ ចេញផែនការអន្តរស្ថាប័នលេខ ០១០ ផ.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ស្ដីពីកិច្ចការពារការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដោយក្នុងផែនការអន្តរស្ថាប័នបានឆ្លុះបញ្ចាំងនូវផែនការ ក៏ដូចជា យន្តការ ការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងដំណាក់កាលសំខាន់ៗឯទៀត ក្នុងដំណើរការរៀបចំការបោះឆ្នោត។ ឯកឧត្តម មានប្រសាសន៌បញ្ជាក់បន្ថែមទៀតថា៖ គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្ស នយោបាយ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បី សង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ និង តាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប ។យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គណបក្សនយោបាយដែលមានបំណង ចាត់តាំងភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅក្រុមប្រឹក្សាឃុំ សង្កាត់ ៧  ថ្ងៃ មុនថ្ងៃចាប់ផ្តើម ដំណើរការពិនិត្យឈោ្មះ និងការចុះឈ្មោះបោះឆ្នោត រហូតដល់ ១០  ថ្ងៃមុនថ្ងៃបញ្ចប់ ដំណើរការនេះ។ ដូចនេះផ្អែកតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ កាលបរិច្ឆេទនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ សូមបញ្ជាក់ថា៖ អំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ឯកឧត្តម ឌឹម សុវណ្ណារុំ បានអំពាវនាវ ដល់ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមចុះឈ្មោះបោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេត ការណ៍ជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ក្នុងការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩តាមវិធានសុខាភិបាលរបស់ រាជរដ្ឋាភិបាល៣ការពារ៣កុំ នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង